(ភ្នំពេញ)៖ សមាគមពាណិជ្ជកម្មចិននៅកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំ២០១៧ នៅសណ្ឋាគារហ្គាដេនស៊ីធី រាជធានីភ្នំពេញ ដោយមានការចូលរួមពីសហគ្រិន អ្នកវិនិយោគទុន មកពីប្រទេសចិន និងកម្ពុជា។
មហាសន្និបាតនេះ ដែលធ្វើឡើង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ គឺដើម្បីរម្លឹកឡើងវិញ ពីសមិទ្ធផល និងស្នាដៃ ដែលបានសម្រេចកន្លងមក ក៏ដូចជាស្វែងរកផែនការសកម្មភាព និងការវិនិយោគថ្មីសម្រាប់ឆ្នាំ២០១៨។
លោកយូ លីងស្យុង( YU LINGXIONG )ប្រធានកិត្តិយសនៃសមាគមពាណិជ្ជកម្មចិន នៅកម្ពុជា បានថ្លែងថា ចាប់តាំងពីការបង្កើតសមាគមនេះ ឡើងមក សមាគមនេះបាននាំ ធនធានដែលមានគុណសម្បត្តិរបស់ប្រទេសចិន និងកម្ពុជា និងមកជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងមិត្តភាពរវាងប្រទេសទាំងពីរ។ សមាគម នឹងបន្តការផ្លាស់ប្តូរពាណិជ្ជកម្ម សហគ្រាស និងការវិនិយោគ រវាងប្រទេសទាំងពីរចិន កម្ពុជា និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត។
ឆ្លើយតបចំពោះគំនិតផ្តួចផ្តើម «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» សមាគម បានជំរុញការអនុវត្តជាក់ស្តែងនៃយុទ្ធសាស្រ្តនៃគំនិតផ្តួចផ្តើមនេះ និងបានប្រមូលផ្តុំសហគ្រិនចិនមកវិនិយោគនៅកម្ពុជា ព្រមទាំងភ្ជាប់ទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការ។ តាមរយៈបេសកកម្មរបស់ខ្លួនក្នុងការបង្កើតនិងអនុវត្តគម្រោង «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» សមាគមពាណិជ្ជកម្មចិននៅកម្ពុជា មានគោលបំណងជំរុញការផ្លាស់ប្តូររវាងរដ្ឋាភិបាល និងសហគ្រាសនៅក្នុងប្រទេសកម្ពុជានិងចិន។
កិច្ចសហប្រតិបត្តិការលើអាជីវកម្មជាច្រើន បាននាំមកនូវចក្ខុវិស័យដ៏ល្អមួយ នៃភាពចម្រុងចម្រើន និងវិបុលភាពទូទៅសម្រាប់សហគ្រាស ដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសចិន និងកម្ពុជា ស្ថិតក្នុងកម្រិតថ្មីមួយ៕