(ព្រះសីហនុ)៖ ក្រុមអ្នកយកព័ត៌មានស្ថានីយទូរទស្សន៍អប្សរា៤នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩៩-២០០ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ត០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-5998 ដឹកទំនិញ បានបុកជាមួយរថយន្ត០១គ្រឿងម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2X-6815 ជិះគ្នាចំនួន០៤នាក់ ស្រីម្នាក់ (ជាក្រុមអ្នកយកព័ត៌មានរបស់ទូរទស្សន៍អប្សរា) ដែលមានទិសដៅពីផ្ទុយគ្នា បណ្ដាលឲ្យភាគីខាងរថយន្តរបស់ទូរទស្សន៍អប្សរា រងរបួសទាំង០៤នាក់ ប៉ុន្តែស្ថានភាពរបួសមិនធ្ងន់ធ្ងរទេ និងក្រោយមកបានបញ្ជូនទៅព្យាបាលនៅគ្លីនិកលិគឹមឌីវាលរេញ។
សម្រាប់វត្ថុតាងរថយន្តទាំង០២គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយតាមច្បាប់៕