(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ និងប្រកបរបរនៅតំបន់មាត់សមុទ្រប្រទេសកម្ពុជា មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការប្រែប្រួលអាកាសធាតុ និងកម្លាំងសម្ពាធខ្យល់។
ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលកម្ពុជា កំពុងរងនូវឥទ្ធិពលនៃព្យុះតឹមប៊ិន(TEMBIN) ដែលបង្កឱ្យមានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងភ្លៀងខ្លាំងនៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ព្រមទាំងធ្វើឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេសផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook យ៉ាងដូច្នេះថា៖ «នៅទីក្រុងភ្នំពេញព្រឹកនេះធាតុអាកាសត្រជាក់បន្តិច ដោយមានភ្លៀងរលឹមបង្អុរចុះមកផង គឺធ្វើអោយបងប្អូនងើបហាត់កីឡាពីព្រឹកនៅតាមទីធ្លារសួនសាធារណៈ និងស្តាតអូឡាំពិកមានការលំបាកខ្លះៗ។ ចំពោះបងប្អូនដែលរស់នៅ និងប្រកបរបរផ្សេងៗនៅតាមតំបន់សមុទ្រ សូមមានការប្រុងប្រយ័ត្នផងដែរចំពោះការប្រែប្រួលធាតុអាកាស និងកម្លាំងសម្ពាធខ្យល់។ សូមបើកបរឆ្ងាយជិតមានការប្រុងប្រយ័ត្នខ្ពស់»។
ក្រៅពីអំពាវនាវឱ្យប្រជាពលរដ្ឋនៅតំបន់មាត់សមុទ្រប្រុងប្រយ័ត្ននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ដែលបានផ្ញើរូបថត «សាលាបឋមសិក្សាកំពង់កែស» នៅស្រុកទឹកឈូ ខេត្តកំពត ដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកសាងកំឡុងឆ្នាំ១៩៩៥ ជូនសម្តេចផងដែរ។ សម្តេចតេជោ បានចាត់ក្រុមការងារទៅពិនិត្យស្ថានភាពសាលា ហើយនឹងសាងសង់ជូនក្មួយសិស្សានុសិស្សបានសិក្សាទាន់ពេលវេលា។
សម្តេចបានថ្លែងថា «ពូមីងមិនឱ្យកូនក្មួយៗនិងចៅៗអត់សាលារៀនទេ»៕