(អូទ្រីស)៖ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី១៦ នៃអនុសញ្ញាអូតាវ៉ា រយៈពេល៣ថ្ងៃ នៅប្រទេសអូទ្រីស ប្រទេសជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិនេះ បានកំណត់គោលដៅបោសសម្អាតមីនឲ្យអស់នៅឆ្នាំ២០២៥ ដែលយុទ្ធសាស្ត្រនេះ ក៏ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលនឹងបោសសម្អាតមីនឲ្យអស់ នៅមុនឆ្នាំ២០២៥ ខាងមុខ។
ការផែនការយុទ្ធសាស្ត្រនេះ ត្រូវបានលោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា បញ្ជាក់ប្រាប់សារព័ត៌មាន Fresh News នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ជាមួយនឹងការលទ្ធផលជាច្រើនដែលកម្ពុជាទទួលបានពីកិច្ចប្រជុំខាងលើនោះ។
លោក សេរី កុសល បានឲ្យដឹងថា ប្រទេសហត្ថលេខីនៃអនុសញ្ញាអុតាវ៉ានេះ បានដាក់ចេញទិសដៅបោសសម្អាតមីន ឲ្យអស់ពីពិភពលោក នៅឆ្នាំ២០២៥ខាងមុខ យុទ្ធសាស្ត្រនេះក៏ស្របទៅនឹងគោលនយោបាយបោសសម្អាតមីនឲ្យអស់ពីទឹកដីកម្ពុជា នៅមុនឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាដែរ។
លើសពីនេះ ប្រទេសហត្ថលេខីក៏បានឯកភាពគ្នាជួយដល់កម្ពុជា ក្នុងប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជាផងដែរ។
បើតាមលោកទេសរដ្ឋមន្ត្រី សេរី កុសល រដ្ឋសមាជិកអនុសញ្ញាអូតាវ៉ា ទាំង១៦៣ប្រទេស ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការសម្រេចបាននូវលទ្ធផល នៃសកម្មភាពកម្ចាត់មីន និងគ្រាប់មិនទាន់ផ្ទុះរបស់កម្ពុជា រួមទាំងផែនការយុទ្ធសាស្ត្រដោះមីន ឲ្យអស់នៅឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកទេសរដ្ឋមន្ត្រីបន្ថែមថា ភាគីរដ្ឋជាសមាជិកទាំងអស់ បានភ្ញាក់ផ្អើល និងចាប់អារម្មណ៍ផងដែរ ចំពោះការរកឃើញគ្រាប់បែកគីមីជាច្រើនគ្រាប់ នៅលើកទឹកដីកម្ពុជា ដែលបន្សល់ទុកដោយសហរដ្ឋអាមេរិក ក្នុងសម័យសង្គ្រាម៕