(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានរៀបចំពិធីស្វាគមន៍ និងប្រគល់អាហារូបករណ៍ជូនសិស្សឆ្នើមនិទ្ទេស A និងB ឆ្នាំ២០១៧ ចំនួន១៥នាក់ ដោយម្នាក់ៗទទួលបានទឹកប្រាក់សរុប ៦០០០ដុល្លារ សម្រាប់ការសិក្សានៅថ្នាក់ឧត្តមសិក្សារយៈពេលបួនឆ្នាំ។
បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកធនធានមនុស្ស និងទំនាក់ទំនងរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានថ្លែងថា ពិធីស្វាគមន៍និស្សិតអាហារូបករណ៍ជីប ម៉ុង គ្រុប កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ថា «យើងចង់ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ជូនសិស្សឆ្នើមប្រចាំឆ្នាំនេះ។ នេះជាលើកទី១ហើយ ដែលយើងផ្តល់អាហារូបករណ៍ដោយផ្ទាល់ ជូនសិស្សឆ្នើម ពីព្រោះកន្លងមកយើងបានផ្តល់អាហារូបករណ៍តាមរយៈតែសមាគមន៍អាហារូបករណ៍ផ្សេងៗប៉ុណ្ណោះ»។
ក្រៅពីទឹកប្រាក់សរុប ៦០០០ដុល្លារ ក្នុងម្នាក់ ក្រុមហ៊ុនជីប ម៉ុង គ្រុប ក៏នឹងត្រៀមវគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាព ផ្តល់ឱកាសធ្វើជាបុគ្គលិកហាត់ការនៅក្រុមហ៊ុន និងរៀបចំកម្មវិធីសង្គមជាច្រើនទៀត ដើម្បីពង្រឹងសមត្ថភាព និងផ្តល់បទពិសោធន៍ការងារដល់និស្សិតអាហារូបករណ៍ជីប ម៉ុងទាំងអស់។
បណ្ឌិតអ៊ឹម សុធារិទ្ធ បានលើកឡើងថា «អ្វីដែលសំខាន់លើសលុយ ៦០០០ដុល្លារនេះ គឺយើងនឹងបង្កើតសហគមន៍មួយដែលល្អ ដែលក្នុងមួយឆ្នាំយើងនឹងមានសមាជិកថ្មី ដែលជាសិស្សឆ្នើម១៥នាក់»។
គួរបញ្ជាក់ផងដែរថា បេក្ខជន ដែលសិក្សាគ្រប់មុខជំនាញទាំងអស់នៅថ្នាក់ឧត្តមសិក្សាអាចមានសិទ្ធស្នើសុំអាហារូបករណ៍ជីប ម៉ុង គ្រុប បាន។ ដើម្បីទទួលបានអាហារូបករណ៍នេះ បេក្ខជនទាំងអស់ត្រូវប្រឡងជាប់ថ្នាក់ទី១២ ដោយមាននិទ្ទេស A ឬB ចេះសរសេរ និងនិយាយភាសាអង់គ្លេស ពីព្រោះបេក្ខជនទាំងអស់ត្រូវបំពេញពាក្យ និងឆ្លងកាត់វគ្គសម្ភាសន៍ជាភាសាអង់គ្លេសជាមុនសិន មុនពេលទទួលបានអាហារូបករណ៍នេះ៕