(កំពង់ធំ)៖ កម្មករ-កម្មការិនី តាមរោងចក្រនៅទូទាំងប្រទេសក្នុងរយៈពេលចុងក្រោយនេះ បានទទួលអត្ថប្រយោជន៍យ៉ាងច្រើន ដែលជាការចូលរួមចំណែកកាត់បន្ថយជីវភាពរបស់ពួកគេ​ទាំងផ្ទាល់ និងប្រយោលខ្ទង់លាននាក់។

កាដូថ្មីជាបន្ដបន្ទាប់ដែលលេចចេញជារូបរាងនេះ ត្រូវបានប្រមុខ នៃរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ជូន ហើយបានបើកយុទ្ធនាការចុះជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនកម្មករ កម្មការិនី នៅទូទាំងប្រទេសទៀតផង។

លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពកម្ពុជា បានលើកឡើងថា គោលនយោបាយរាជរដ្ឋាភិបាលឆ្ពោះទៅ «រដ្ឋសង្គមកិច្ច» បាននិងកំពុងធ្វើឲ្យលក្ខណ្ឌការងារ និងលក្ខណ្ឌជីវភាពរស់នៅរបស់បងប្អូន កម្មករទទួលបាននូវភាពប្រសើរឡើងជាបន្តបន្ទាប់។

សូមបញ្ជាក់ថា កញ្ចប់អត្ថប្រយោជន៍ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនកម្មករ និយោជិតនោះរួមមាន៖

* អនុញ្ញាតឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩។
* ចាប់ពីខែមករា ឆ្នាំ២០១៨ ថៅកែរោងចក្រ សហគ្រាស ដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយខែ។
* ចាប់ពីឆ្នាំ២០១៩ កម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការ។ ប្រាក់នេះសម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត។
* កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។
* ចាប់ពីឆ្នាំ២០១៨តទៅ រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូនផងដែរ។ ក្នុងនោះអ្នកសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាលកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល។
* កម្មការិនីមានផ្ទៃពោះ ត្រូវបានសម្រេចឲ្យចេញមុនម៉ោងធ្វើការយ៉ាងតិច ១៥នាទី ហើយនៅពេលសម្រាលត្រូវបាន អនុញ្ញាតឲ្យឈប់សម្រាករយៈពេល៣ខែ ជាមួយអត្រាប្រាក់ខែ ១២០ភាគរយ។

ជាការកត់សម្គាល់គ្រប់ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយកម្មករ កម្មការិនី ទទួលបានការគោរពស្រឡាញ់ជាខ្លាំងពីសំណាក់កម្មករ កម្មការិនី ហើយពួកគេ ក៏បានព្យាយាមថតរូបជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទុកជាអនុស្សាវរីយ៍។ ក្រុមកម្មករ កម្មការិនី បានហៅដំណើរសម្តេចតេជោ ហ៊ុន សែន ចុះជួបពួកគេដោយផ្ទាល់នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការរស់នៅ និងការបម្រើការងាររបស់ពួកគេពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្រុមកម្មករ កម្មការិនី បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ដែលតែងតែផ្សាភ្ជាប់សុខទុក្ខរបស់ ប្រជាពលរដ្ឋជាមួយ រូបសម្តេច។ កម្មករ កម្មការិនី មានជំនឿចិត្តថា តាមរយៈដំណើរចុះដោយផ្ទាល់របស់សម្តេចទៅតាមរោងចក្រ នឹងធ្វើឲ្យវិស័យកាត់ដេរ និងជីវភាពរបស់កម្មករ កម្មការិនីផងដែរ នឹងកាន់តែល្អប្រសើរ។

សូមទស្សនាវីដេអូ ដែលផលិតដោយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា៖