(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ អំពាវនាវដល់ម្ចាស់រថយន្តទំនើបមួយគ្រឿង ម៉ាក Nissan Infinity QX56 ពាក់ស្លាកលេខ ភ្នំពេញ 2Z:8080 ដែលបានទិញបន្តពីម្ចាស់ដើម សូមប្រញាប់មកកាត់ឈ្មោះ និងបង់ប្រាក់ផាកពិន័យបើកបរល្មើសល្បឿនកំណត់ ឲ្យបានឆាប់ ដោយសមត្ថកិច្ចទុកពេលជូន១សប្តាហ៍ ដើម្បីកាត់ឈ្មោះ។
ការអំពាវនាវរបស់មេប៉ូលិសចរាចរណ៍រូបនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់រថយន្តខាងលើនេះ បានទិញរថយន្ត មិនបានកាត់ឈ្មោះឲ្យបានត្រឹមត្រូវឡើយ ដល់ពេលមានបញ្ហាល្មើសច្បាប់ ស្រាប់តែការពិន័យធ្លាក់ទៅម្ចាស់មុនទៅវិញ ព្រោះថា ការពិន័យបទល្មើស លើសល្បឿនកំណត់ ត្រូវធ្វើឡើងតាមអត្តសញ្ញាណរបស់ម្ចាស់ ក្នុងប័ណ្ណសំគាល់រថយន្ត។
លោកឧត្តមសេនីយ៍បន្តថា ម្ចាស់រថយន្ត Infinity QX56 ពាក់ស្លាកលេខ ភ្នំពេញ 2Z:8080 នេះសូមប្រញាប់មកកាត់ឈ្មោះឲ្យបានត្រឹមត្រូវ ដោយសមត្ថកិច្ចទុកពេលឲ្យ១សប្តាហ៍ បើនៅតែខកខានមិនមកកាត់ឈ្មោះទៀត ម្ចាស់ដើមអាចមានសិទ្ធិប្តឹងយករថយន្តនោះ ត្រឡប់វិញ ព្រោះគេមិនចង់ឲ្យប្រើប្រាស់រថយន្តនោះ ទៅប្រព្រឹត្តបទល្មើស។
បើយោងតាមលិខិតអញ្ជើញ របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្ចាស់ដើមរថយន្តនេះ មានឈ្មោះ អ៊ីវ តៃហ៊ុង មានលំនៅដ្ឋាននៅខណ្ឌចំការមន រាជធានីភ្នំពេញ បានបើកបរល្មើសល្បឿនកំណត់ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅខេត្តសៀមរាប ប៉ុន្តែការបើកបរល្មើសនោះ មិនមែនម្ចាស់ដើមជាអ្នកបើកបរទេ គឺជាម្ចាស់ក្រោយ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា ក៏បានអំពាវនាវដល់ម្ចាស់រថយន្តផ្សេងៗទៀត ដែលបានទិញរថយន្តហើយមិនទាន់កាត់ឈ្មោះត្រឹមត្រូវ សូមប្រញាប់ទៅកាន់ឈ្មោះ ដើម្បីជៀសវាងម្ចាស់ក្រោយល្មើសច្បាប់ តែបែរជាទៅពិន័យម្ចាស់មុនទៅវិញ៕