(ភ្នំពេញ)៖ ការប្រមូលផលត្រីទឹកសាបនៅឆ្នាំ២០១៧នេះ ទទួលបានជាង ៥៣០ពាន់តោន កើនជាងឆ្នាំ២០១៦ ជាង២ម៉ឺនតោន ខណៈដែលការប្រមូលត្រីប្រហុក ក៏កំពុងតែទទួលបានផលច្រើនផងដែរ។
អគ្គនាយករដ្ឋបាលជលផល លោក អេង ជាសាន បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះថា ផលត្រីជាង ៥៣០ពាន់តោននេះ គឺជាចំនួនចាប់ដោយដៃប៉ុណ្ណោះ មិនមែនបានមកពីការប្រមូលផលវារីវប្បកម្មនោះទេ ហើយក៏មិនទាន់បូកបញ្ចូលចំនួនត្រីទឹកប្រៃនោះដែរ។
ការប្រមូលផលដែលមានចំនួនកើនឡើងបែបនេះ ត្រូវបានអគ្គនាយករដ្ឋបាលជលផល បញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែស្ថានភាពទឹក មានការកើនឡើងខ្ពស់ជាងឆ្នាំមុន ហើយទឹកឆ្នាំនេះឆាប់ឡើង និងនៅបានយូរប្រហែលជា ៤ខែ ដូច្នេះយើងឃើញថា ទាំងបរិមាណការកើនឡើង និងទំហំក៏ធំជាងមុន ហើយភ្លៀងទៀងទាត់ល្អ»។
ដោយឡែកសម្រាប់ការប្រមូលផលត្រីសម្រាប់ធ្វើប្រហុកវិញ ត្រូវបានលោក អេង ជាសាន បញ្ជាក់ថា ក៏ទទួលបានផលច្រើនគួរសមដែរ ដោយនៅតាមគន្លងដាយត្រីជួរលេខ១៥ ផលចាប់ពី ២ទៅ ៤តោន ក្នុងរយៈពេល៣០នាទីម្តង, លេខ ១៣ និងលេខ ១២ផលចាប់ពី ១ ទៅ ១.៥តោន រយៈពេល៣០នាទីម្តង។
សម្រាប់តម្លៃវិញ ក៏ត្រូវបានលោកឲ្យដឹងដែរថា ថ្លៃដែលលក់នៅទីតាំងផែរបស់ដាយគឺ ៨០០-៩០០រៀលក្នុងមួយគីឡូក្រាម, ឈ្មួញដែលលក់បន្ត ១០០០-១២០០រៀលក្នុងមួយគីឡូក្រាម និងអ្នកលក់បន្តទី២ ថ្លៃ១២០០-១៥០០រៀល ក្នុងមួយគីឡូក្រាម។
យ៉ាងណាមិញ បើទោះបីការប្រមូលផលត្រីសម្រាប់ឆ្នាំ២០១៧នេះ មានការកើនឡើងក្ដី ក៏លោកអគ្គនាយករដ្ឋបាលជលផល នៅតែអំពាវនាវឲ្យពលរដ្ឋនេសាទទាំងអស់ កុំធ្វើការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ និងកុំធ្វើការនេសាទនៅរដូវបិទនេសាទ ហើយសម្រាប់នៅរដូវប្រាំងវិញ កុំប្រើប្រាស់ឧបករណ៍ឆក់ ព្រោះនេះជាការប្រព្រឹត្តទង្វើខុសនឹងច្បាប់នេសាទ៕