(កណ្តាល)៖ លោក​ ទី​ សំណាង​ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល​ នៅល្ងាចថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០១៧​នេះ​ បានចេញដីកាឃុំខ្លួនយុវជនម្នាក់ ដែលបើករថយន្តបុកម៉ូតូ បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ នៅស្រុកអង្គស្នួល​ ។

មន្ត្រីតុលាការ​ បា​នថ្លែងថា​ យុវជនរូបនេះឈ្មោះ​ សេង ចាន់ឌឿន អាយុ២៣ឆ្នាំ ត្រូវបានលោក​ សូ​ សុវិទ្យា​ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល​ ចោទប្រកាន់ពីបទ «បើកបរធ្វេសប្រហែល​ ខ្ជីខ្ជា​ មិនប្រុងប្រយ័ត្ន​ ឬ​ មិនគោរពកាតព្វកិច្ច​ បណ្តាលឱ្យស្លាប់អ្នកដទៃ​» ​តាមមាត្រា៨៥ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​។

គួររំលឹកថា​ ប្តីប្រពន្ធកូននិងក្មួយតូចៗ ចំនួន៤នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង​ ដោយសារតែរថយន្តបែនមួយគ្រឿង បើកលឿនជ្រុល ទៅបុកយ៉ាងពេញទំហឹង នៅចំណុចគីឡូម៉ែត្រលេខ១និងលេខ២ ភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល កាលពីសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។

នគរបាល បានឱ្យដឹងថា ជនរងគ្រោះទី១ ​មានឈ្មោះ ម៉ន ជីមី អាយុ២៦ឆ្នាំ មុខរបរកម្មករ(ជាប្តី)​ ទី២​ មានឈ្មោះ ហៀង គឹមសាន អាយុ២៤ឆ្នាំ មុខរបរកម្មករ(ជាប្រពន្ធ)​ ទី៣​ ឈ្មោះ ម៉ន សម្បត្តិ អាយុ២ឆ្នាំ ជាកូន និងទី៤​ មានឈ្មោះ ខេម ស្រីម៉ី អាយុ៩ឆ្នាំជាក្មួយ។

នគរបាលបន្ដថា អ្នកទាំងបួននាក់នេះ មានទីលំនៅភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១CW-៤៦១៤។ ចំណែករថយន្តបង្ក ម៉ាកនីសាន់ ប្រភេទបែនពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ៣A-២៧៧៧ បើកបរដោយឈ្មោះ សេង ចាន់ឌឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរតៃកុងឡាន ទីលំនៅភូមិព្រពាំងស្យា ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

នគរបាល បានបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នា ក្នុងទិសដៅពីត្បូងទៅជើង។ លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះ​ បើក​បញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿន ជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យដួលបោកទៅនឹងថ្នល់ បណ្តាលឱ្យស្លាប់ទាំងបួននាក់។

ក្រោយកើតហេតុនគរបាល ចុះទៅដល់រួចឃាត់ខ្លួន អ្នកបើកបររថយន្តបញ្ជូន ទៅកាន់អធិការដ្ឋាន រួមនឹងវត្ថុតាងផងដែរ។ ចំណែកសាកសព ត្រូវបានប្រគល់ ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕