(អូទ្រីស)៖ ទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា បានថ្លែងប្រាប់សារព័ត៌មាន Fresh News ពីទ្វីបអឺរ៉ុប តាមសារអេឡិចត្រូនិក នាថ្ងៃទី២៥ ខែធ្នូនេះថា តំណាងប្រទេសមួយចំនួន ដែលជាសមាជិកនៃសហភាពអឺរ៉ុប (EU) បានពន្យល់ប្រាប់លោកផ្ទាល់ថា ប្រទេសខ្លួនគ្មានជំហរគៀបសង្កត់ ធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងសេដ្ឋកិច្ចលើកម្ពុជាឡើយ ចំណែកការគំរាមរបស់សភា EU មកលើកម្ពុជា ដូចពេលកន្លងទៅនោះ គ្រាន់តែជាការលើកឡើងប៉ុណ្ណោះ គ្មានសមត្ថកិច្ចធ្ងន់ធ្ងរនោះទេ។

ការលើកឡើងរបស់ទេសរដ្ឋមន្ត្រី សេរី កុសល យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាស លោកដឹកនាំប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី១៦ នៃអនុសញ្ញាអូតាវ៉ា នៅប្រទេសអូទ្រីស ដែលមានសមាជិកចំនួន១៦៣ប្រទេស (រាប់ទាំងប្រទេសស្រីលង្ការ ដែលទើបចូលជាសមាជិកថ្មី) ។

ក្នុងកិច្ចប្រជុំអន្តរជាតិរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែធ្នូ ឆ្នាំ២០១៧នោះ លោកទេសរដ្ឋមន្ត្រី បានទាញចំណាប់អារម្មណ៍ ពីជនរងគ្រោះនៅកម្ពុជាដោយសារមីន និងការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានអាជ្ញាធរមីនកម្ពុជា ក្នុងការចំណាយទាំងថវិកា និងកម្លាំងកាយ ស្មារតី សម្រាប់ប្រតិបត្តិការបោសសម្អាតមីន និងរំដោះប្រជាពលរដ្ឋពីតំបន់មីន ក្នុងនោះក៏មានជំនួយមនុស្សធម៌ពីប្រទេសស្វីស អូទ្រីស ជប៉ុន ចិន និងប្រទេសផ្សេងទៀត។

លោកបានពន្យល់ប្រាប់អន្តរជាតិ ពីសភាពការណ៍នយោបាយថ្មីៗនៅកម្ពុជា ដែលប៊ិះនឹងបណ្ដាលឲ្យកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាម ដោយសារទង្វើក្បត់ជាតិរបស់មេដឹកនាំ និងសមាជិកបក្សប្រឆាំង ប្រាប់ទៅមជ្ឈដ្ឋានអន្តរជាតិបានយល់ច្បាស់។

ដោយសារការបំប៉ោងព័ត៌មានពីសំណាក់ក្រុមប្រឆាំង ចំពោះវិធានការទប់ស្កាត់គ្រោះថ្នាក់សង្គ្រាម របស់រាជរដ្ឋាភិបាលស្របច្បាប់ ទៅលើក្រុមក្បត់ជាតិដូចនេះហើយ ទើបធ្វើឲ្យមជ្ឈដ្ឋានអន្តរជាតិ មានការយល់ច្រឡំលើរាជរដ្ឋាភិបាលស្របច្បាប់ ដែលនាំទៅដល់ការគំរាម ព្រមានយ៉ាងម៉ឺងម៉ាត់ ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងខាងផ្នែកនយោបាយមកលើកម្ពុជា រួមទាំងការកាត់ផ្ដាច់ជំនួយមនុស្សធម៌ និងការផ្អាកទិដ្ឋការមន្ត្រីរាជការរបស់កម្ពុជាផងដែរ។

ដើម្បីបង្ហាញពីការពិត ក្នុងប្រទេសកម្ពុជា លោកទេសរដ្ឋមន្ត្រី សេរី កុសល បានប្រឹងប្រែងព្យាយាមពន្យល់ប្រាប់មជ្ឈដ្ឋានអន្តរជាតិ តួយ៉ាងនៅចំពោះមុខសមាជិកសមាជិកទាំង១៦៣ប្រទេស នៃសន្ធសញ្ញាអូតាវ៉ានេះ ឲ្យបានជ្រាបច្បាប់ពីការពិតជាក់ស្ដែង និងពិចារណាឡើងវិញ នូវការដាក់ទណ្ឌកម្មមកលើកម្ពុជា ពីព្រោះការធ្វើបែបនេះ មិនត្រឹមតែប៉ះពាល់ដល់ការងារបោសសម្អាតមីននៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោកបានបញ្ជាក់ថា បើរាជរដ្ឋាភិបាលស្របច្បាប់មិនចាត់វិធានការកម្ចាត់ពួកក្បត់ជាតិនោះទេ កម្ពុជានឹងធ្លាក់ទៅក្នុងសង្គ្រាម ដូចពេលអតីតកាលជាក់ជាមិនខាន ឬអាចរងគ្រោះខ្លាំងជាងអតីតកាលទៀតផង ដល់ពេលនោះ អន្តរជាតិទាំងមូលនឹងជួបបញ្ហាជាបន្តបន្ទាប់ ឈឺក្បាលក្នុងការដោះស្រាយបញ្ហាសង្គ្រាមនៅកម្ពុជា។

បន្ទាប់ពីស្ដាប់នូវការបកស្រាយនេះហើយ សហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រទេស ដែលជាសមាជិកសហភាពអឺរ៉ុប បានបកស្រាយប្រាប់លោក សេរី កុសល តំណាងរាជរដ្ឋាភិបាលកម្ពជាមកវិញថា ការព្រមានរបស់សភាសហភាពអឺរ៉ុប កាលពីពេលកន្លងទៅនោះ គ្រាន់តែជាការលើកឡើងប៉ុណ្ណោះ គ្មានអ្វីជាការព្រួយបារម្ភនោះទេ។

លោកទេសរដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «ប្រទេស EU បាននិយាយជាមួយខ្ញុំថា ការដែលសភា EU និយាយនោះ គ្រាន់ជាការនិយាយរបស់សភាទេ ពីព្រោះបើសភា EU មិននិយាយ តើបានអ្វីនិយាយ? ករណីនេះ មានតែរដ្ឋាភិបាលនីមួយៗទេ។ គេមិនដឹងមិនឮអំពីករណីនេះទេ ពីព្រោះនេះជាសិទ្ធិរបស់ក្រុមសភា មិនមែនជាតំណាងរដ្ឋាភិបាលឯណា អីចឹងទុកឲ្យសភាគេនិយាយទៅ»

លោកបានបន្ថែមថា ចំពោះជំហររបស់តំណាងសហរដ្ឋអាមេរិកវិញ មិនដូចអ្វីដែលកម្ពុជាបានឮនោះទេ ដោយក្នុងនោះគេបានលើកឡើងថា តំណាងរាស្ត្រមានសិទ្ធិនិយាយ តែគ្មានសិទ្ធិធ្វើអ្វី ឬគៀបសង្កត់ប្រទេសណាមួយបាននោះទេ។

មិនតែប៉ុណ្ណោះ សមាជិកសន្ធិសញ្ញាអូតាវ៉ា ថែមទាំងបានកំណត់គោលដៅពូនជ្រុំគ្នាជួយកម្ពុជា ក្នុងការបោសសម្អាតមីននៅកម្ពុជា ធ្វើយ៉ាងឲ្យកម្ពុជាអស់មីននៅមុនឆ្នាំ២០២៥។

ត្រង់ចំណុចនេះ លោកទេសរដ្ឋមន្ត្រីបានក៏បង្ហើបប្រាប់អន្តរជាតិដែរថា ទិសដៅបោសសម្អាតមីនឲ្យអស់ពីកម្ពុជា នៅមុនឆ្នាំ២០២៥នេះ ក៏ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយបោសម្អាតមីនឲ្យអស់ នៅមុនឆ្នាំ២០២៥៕