(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានណែនាំដល់អភិបាលស្រុកបាកាន ទើបទទួលតួនាទីថ្មីនេះត្រូវប្រើតួនាទីរបស់ខ្លួនធ្វើជាម៉ែ ជាឪគេធ្វើយ៉ាងណា ឲ្យកូនចៅគោរពស្រឡាញ់ចូលចិត្ត អនុវត្តការងារឲ្យបានម៉ឹងម៉ាត់ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ពិសេសបង្ក្រាបឲ្យខាងតែបានល្បែងស៊ីសងក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទ។

លោក ម៉ៅ ធនិន បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកបាកាន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយបានការចូលរួមពីលោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពនានា ជុំវិញខេត្ត តំណាងសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មេឃុំ ស្មៀនឃុំ មេភូមិ មេប៉ុស្តិ៍ លោកគ្រូ អ្នកគ្រូ និងមន្រ្តីរាជការជុំវិញស្រុក សរុបប្រមាណ៨០០នាក់។

លោក ម៉ៅ ធនិន បានបន្តថា ការប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាល និងអភិបាលរងស្រុក នាពេលនេះ គឺជាការគិតគូររបស់ រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ ដែលតែងតែមានការផ្លាស់ប្តូរជាធម្មតា ទៅតាមសភាពការជាក់ស្តែង នៅក្នុងតំបន់នោះ។ នៅពេលទទួល បានមុខងារស្របតាមលក្ខណៈច្បាប់ហើយសូមអស់លោកអនុវត្តការងារ និងត្រូវចែករំលែកការងារទាំងនោះទៅថ្នាក់ក្រោមរបស់ខ្លួន និងមានកិច្ច សហការល្អជាមួយថ្នាក់ក្រោម ចៀសវាងការច្រណែន ឈ្នានីស ប្រកាន់បក្សពួក ដែលនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍ធ្វើឲ្យការងារមិនរលូន។

លោក ផាយ ឡេង អភិបាលស្រុកបាកាន ដែលទើបទទួលមុខតំណែងថ្មី បានថ្លែងអំណរគុណ ចំពោះលោកអភិបាលខេត្តពិសេសប្រមុខរាជ រដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានចាត់តាំងឲ្យរូបលោក ឲ្យមកកាន់មុខតំណែង ជាអភិបាលស្រុកបាកាន នាពេលនេះ។

លោក ផាយ ឡេង បានប្តេជ្ញាចិត្តខិតខំអនុវត្ត និងបំពេញការងារ ឲ្យអស់ពីសមត្ថភាព តាមបទបញ្ជារបស់ថ្នាក់លើប្រគល់ ឲ្យទាំងការគោរពច្បាប់ លិខិតបទដ្ឋាននានា ការងារគ្រប់គ្រងរដ្ឋបាលស្រុក ការងារអភិវឌ្ឍន៍ ជម្រុញកាងារអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បង្កា និងបង្រ្កាបបទល្មើសផ្សេងៗ ឲ្យមានប្រសិទ្ធិភាព ដើម្បីជាសេនាធិការដ៏រឹងមាំ ឲ្យគណៈបញ្ជាការឯកភាពខេត្ត និងផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា លោក ផាយ ឡេង ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ពីអភិបាលស្រុកកណ្តៀង ឲ្យទៅកាន់មុខតំណែង ជាអភិបាលស្រុកបាកាន ជំនួសលោក សៅ ដារឿន ដែលបានដាក់ឲ្យចូលនិវត្តន៍, លោក ជា សុជាតិ អភិបាលស្រុកភ្នំក្រវាញ ឲ្យទៅកាន់តំណែង ជាអភិបាលរងស្រុកបាកាន, លោក ទៀង វឌ្ឍនៈ អភិបាលរងស្រុកបាកាន ឲ្យទៅកាន់តំណែង ជាអភិបាលរងស្រុកភ្នំក្រវាញ, លោក ហៃ ស៊ីម៉េង នាយករដ្ឋបាលសាលាស្រុកបាកាន ឲ្យកាន់តំណែង ជាអភិបាលរងស្រុកបាកាន និងលោក គង់ វិបុល អភិបាលរងស្រុកបាន ឱ្យទៅបម្រើការងារ នៅសាលាខេត្តពោធិ៍សាត់, លោក ពេជ្រ សុវណ្ណ នាយទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ ត្រូវបានផ្ទេរភារកិច្ច។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានចែកជូនវត្ថុកំដរដៃដល់អ្នកចូលរួមប្រមាណ៨០០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុង១ ជាអំណោយដ៏ថ្លៃថ្លារបស់លោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ផងដែរ៕