Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះវិហារ ជំរុញកាន់តែខ្លាំងដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ខិតខំបំពេញការងារ ឲ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋាន

25-12-2017 15:12

(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានជំរុញដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ ព្រមទាំង មន្ត្រីទាំងអស់នៅក្នុងមន្ទីរ រួមសហការ សាមគ្គីគ្នា និងខិតខំបំពេញការងារដែលក្រសួង និងខេត្តប្រគល់ជូន ទទួលបានជោគជ័យគ្រប់ផ្នែក ដែលនេះជាមោទនភាពមួយសំរាប់ខេត្ត ជាពិសេសសំរាប់ប្រជាពលរដ្ឋ នៅក្នុងខេត្តរបស់យើងទាំងមូល។

ការថ្លែងរបស់លោកអភិបាលខេត្តខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីសូត្រមន្តអភិសេកឆ្លង សមិទ្ធិផលនានានៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីបានសាងសង់អស់រយៈពេលជិតមួយឆ្នាំ។

លោក សំ លាងទ្រី បានឲ្យដឹងថា សមិទ្ធិផលដែលត្រូវសូត្រមន្តឆ្លង និងរៀបចំអភិសេកនៅពេលនេះ គឺចាប់ផ្តើមសាងសង់ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ និងបញ្ចប់ការសាងសង់នៅចុងខែមិថុនា ឆ្នាំ២០១៧ និងបានធ្វើពិធីក្រុងពាលី អភិសេកឆ្លងទុកជាទីសក្ការៈនៅថ្ងៃនេះ។

បុស្សុកតម្កល់ប្រហនារាយណ៍នេះ គឺមានរូបសំណាកព្រះនារាយណ៍មួយ ដែលមានកំពស់1.68ម៉ែត្រ ធ្វើអំពីថ្មភក់ និងបុស្បុកមានទំហ៊ំ 5.6 គុណ 5.6 ម មានកំពស់11ម៉ែត្រ។

លោកបញ្ជាក់ផងដែរថា ឡូហ្គោរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺរូបសំណាកព្រះនារាយន៍ ដែលតំណាងឲ្យសកម្មភាពជាងក្នុងការកសាងសមិទ្ធិផល និងហេដ្ឋារចនាសម្ពន្ថ័នានា ហើយស្របនិងសកម្មភាពការងាររបស់ក្រសួងសាធារណការ ដែលកំពុងតែអនុវត្តន៍សព្វថ្ងៃនេះ។

ជាមួយគ្នានេះផងដែរ រូបសំណាកព្រះនារាយណ៍ក៍តំណាងឲ្យភាពសក្ក័សិទ្ធិ ជាទីសក្ការៈបូជាសម្រាប់មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារផងដែរ ហើយពិធីដែលធ្វើនៅក្នុងថ្ងៃនេះ គឺជាឱកាសដ៍ពិសេសអបអរសារទរឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីផងដែរ៕