(កណ្តាល)៖ នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជូនយុវជនម្នាក់ មកអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីសាកសួរករណី បើករថយន្តបុកម៉ូតូបណ្តាលឲ្យមនុស្សបួននាក់ស្លាប់ នៅស្រុកអង្គស្នួល។
ជនសង្ស័យកំពុងស្ថិតក្រោម ការសាកសួររបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។
គួររំលឹកថា ប្តីប្រពន្ធកូននិងក្មួយតូចៗ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយសារតែរថយន្តបែនមួយគ្រឿង បើកលឿនជ្រុលទៅបុកយ៉ាងពេញទំហឹង នៅចំណុចគីឡូម៉ែត្រលេខ១និងលេខ២ ភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល កាលពីសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។
នគរបាលបានឱ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ម៉ន ជីមី អាយុ២៦ឆ្នាំ មុខរបរកម្មករជាប្តី ទី២ឈ្មោះ ហៀង គឹមសាន អាយុ២៤ឆ្នាំ មុខរបរកម្មករជាប្រពន្ធ ទី៣ ឈ្មោះ ម៉ន សម្បត្តិ អាយុ២ឆ្នាំ ជាកូននិងទី៤ ឈ្មោះ ខេម ស្រីម៉ី អាយុ៩ឆ្នាំជាក្មួយ។
មន្ត្រីនគរបាលបន្ដថា អ្នកទាំងបួននាក់នេះ មានទីលំនៅភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១CW-៤៦១៤។
ចំណែករថយន្តបង្ក ម៉ាកនីសសាន់ ប្រភេទបែនពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ៣A-២៧៧៧ បើកបរដោយឈ្មោះ សេង ចាន់ឌឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរតៃកុងឡាន ទីលំនៅភូមិព្រពាំងស្យា ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាល បានបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នា ក្នុងទិសដៅពីត្បូងទៅជើង។ លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះ បើកបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿន ជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យដួលបោកទៅនឹងថ្នល់ បណ្តាលឱ្យស្លាប់ទាំងបួននាក់។
ក្រោយកើតហេតុនគរបាល ចុះទៅដល់រួចឃាត់ខ្លួន អ្នកបើកបររថយន្តបញ្ជូន ទៅកាន់អធិការដ្ឋាន រួមនឹងវត្ថុតាងផងដែរ។ ចំណែកសាកសព ត្រូវបានប្រគល់ ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
\