(ភ្នំពេញ)៖ ជនទំនើងដែលជាមន្ដ្រីសាលាខណ្ឌពោធិ៍សែនជ័យ និងបក្ខពួក សមត្ថកិច្ចកំពុងរៀបចំសំណុំរឿង ដោយនឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូស្អែកនេះ, នេះបើតាមលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។
ជាមួយគ្នានេះ នៅពេលនេះដែរភាគីជនបង្ក និងជនរងគ្រោះ កំពុងតែសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ ប៉ុន្ដែទោះជាយ៉ាងណា សមត្ថកិច្ចនៅតែបន្ដចាត់វិធានការតាមផ្លូវច្បាប់ ដោយបញ្ជូនសំណុំរឿងនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញដដែល។
សូមជម្រាបថា ជនទំនើង២នាក់ ដែលសមត្ថកិច្ចប្រាប់ថា ជាមន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលខណ្ឌតាមចាប់ខ្លួន ក្រោយពួកគេបានបើករថយន្តទៅបុកស្រ្តីម្នាក់ ហើយខឹងស្រ្តីរងគ្រោះជេរបន្តិចបន្តួច ក៏បើករថយន្តមកតាម ហើយឈប់រថយន្តបើកទ្វារចុះមកលោតធាក់ រហូតដួលម៉ូតូរងរបួសទៀតផង។
ជនសង្ស័យទាំង២នាក់ មានម្នាក់ឈ្មោះ ស៊ី សុវណ្ណរិទ្ធ អាយុជាង៣០ឆ្នាំ ជាមន្រ្តីនៅសាលាខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោយស្រ្តីរងគ្រោះដាក់ពាក្យប្តឹង បន្ទាប់ពីកើតហេតុភ្លាមៗ នៅល្ងាចថ្ងៃម្សិលមិញ ស្ថិតនៅតាមផ្លូវ២០០៤ សង្កាត់កាកាប។
ស្រ្តីរងគ្រោះឈ្មោះ ឆែ សុផល អាយុជាង២០ឆ្នាំ បាននិយាយថា មុនពេលកើតហេតុ នាងកំពុងបើកម៉ូតូចេញពីកន្លែងធ្វើការនៅទួលគោក លុះមកដល់ផ្លូវ២០០៤ ត្រង់ស្ថានីយ៍ប្រេងតូតាល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រាប់តែជនសង្ស័យទាំង២នាក់ បើករថយន្តម៉ាកកូរ៉ូឡា អេស ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2Q-4653 មកបុកនាងពីក្រោយ។
បន្ទាប់មក នាងក៏លាន់មាត់ជេរបន្តិចបន្តួច ហើយបន្តដំណើរមកមុខស្រាប់តែពួកគេទាំង២នាក់ បើករថយន្តតាម ហើយក៏ទាន់បើកទ្វារចុះមកទាត់ធាក់បណ្តាលឲ្យដួលរងបួសតែម្តង៕