(រតនគិរី)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានរៀបចំរាត្រីសមោសរគៀគរមូនិធិសប្បុរសធម៌ ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការចូលរួមពីភ្ញៀវកិត្តិយស ជាសប្បុរសជននានាយ៉ាងច្រើនកុះករ និងប្រមូលថវិកាបានជិត១០០លានរៀល។
លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានលើកឡើងថា ក្នុងរយៈពេលកន្លងមក កាកបាទក្រហមកម្ពុជា បានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារមនុស្សធម៌ ដូចជាការជួយសង្គ្រោះជនងាយរងគ្រោះ ជនចាស់ជរា ស្ត្រីមេម៉ាយទីទាល់ក្រ កុមារផ្ទុកមេរោគអេដស៍ និងករណីគ្រោះធម្មជាតិផ្សេងៗជាដើម។ ទន្ទឹមនឹងនេះ ការស្វែងរកមូនិធិគឺជាការងារចម្បង និងឈានមុខគេដែលសាខាត្រូវពង្រឹង នឹងពង្រីកគ្រប់រូបភាព ដើម្បីឆ្លើយតបបានតាមតម្រូវការជនងាយរងគ្រោះនានា។
ក្រៅពីនេះសាខាកាកបាទក្រហម ក៏បាននឹងកំពុងរៀបចំផែនការអាជីវកម្មរបស់ខ្លួនជាបណ្តើរ ដើម្បីធានាភាពជាម្ចាស់ការលើហិរញ្ញវត្ថុរបស់សាខាផងដែរ ហើយដើម្បីឆ្លើយតបមានប្រសិទ្ធភាពចំពោះជនងាយរងគ្រោះនានា ដែលកំពុងត្រូវការជំនួយ និងការសង្គ្រោះចាំបាច់ ត្រូវការការចូលរួមពីសំណាក់លោក លោកស្រីសប្បុរសជនទាំងអស់មិនអាចខ្វះបាន។
បើតាមលោក ថង សាវុន កម្មវិធីនេះបានឆ្លុះបញ្ចាំងអំពីវប្បធម៌ចែករំលែករបស់ខ្មែរ តាមរយៈការចូលជាមូនិធិដើម្បីកិច្ចដំណើរការសកម្មភាពការងារ របស់កាកបាទក្រហមកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះដែលកំពុងទទន្ទឹងរងចាំជំនួយពីគ្រប់ៗគ្នា។
នៅក្នុងរាត្រីសមោសរនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ទទួលបានថវិកាបណ្តោះអាសន្នប្រមាណជិត១០០លានរៀល ដែលជាថវិកាបរិច្ចាកផ្ទាល់ពីសប្បុរសជន ដើម្បីសកម្មភាពសប្បុរសធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត៕