(ភ្នំពេញ)៖ ថ្ងៃនេះ ជាថ្ងៃដែលសាលាអន្តរជាតិហ្គ្រីនអេបផល ប្រារព្ធកម្មវិធីរីករាយបុណ្យណូអែល ដែលជាពេលវេលាសិស្សានុសិស្ស មកជួបជុំគ្នា ដើម្បីប្តូរកាដូគ្នា។
កម្មវិធីនេះ បានប្រារព្ធឡើង ដើម្បីឲ្យទទួលបានបទពិសោធន៍ជាមួយវប្បធម៌បរទេស និងលើកកម្ពស់វប្បធម៌នៃការចែករំលែកគ្នា និងរស់នៅចុះសំរុងជាមួយគ្នា។ សិស្សានុសិស្ស សាលាអន្តរជាតិហ្គ្រីនអេបផល លេងល្បែងកំសាន្ត ច្រៀង រាំជាមួយគ្នា សម្តែងលើឆាក ចែករំលែកស្នាមញញឹម ប្តូរកាដូគ្នា រត់លេងនៅក្នុងបរិវេណសាលា និងរីករាយបុណ្យណូអែល។
សិស្សានុសិស្ស មានការរំភីបរីករាយក្រៃលែង ពេលដែលលោក និងលោកស្រី សាន់តាខ្លស់ ចុះពីកាំជណ្តើរ ដែលស្លៀកពាក់ខោអាវពណ៌ក្រហម ចែកចាយស្ករគ្រាប់ និងនំដល់ពួកគេ។ បុគ្គលិក និងលោកគ្រូអ្នកគ្រូពាក់មួក Christmas ពណ៌ក្រហមទាំងអស់គ្នាដែរ។ ពួកគេញញឹមនិយាយថា “Marry Christmas ” និងលេងល្បែងអប់រំ ជាមួយសិស្សានុសិស្សរបស់ពួកគេយ៉ាងរាក់ទាក់និងសប្បាយក្រៃលែង។ កម្មវិធីនេះចាប់ផ្តើមជាមួយនិងប្រវត្តិខ្លះនៃបុណ្យណូអែល។
បុណ្យណូអែល ជាវិស្វមកាលមួយដែលរំលឹកពីថ្ងៃកំណើតរបស់ ព្រះយេស៊ូគ្រឹស្ត។ បុណ្យណូអែលប្រារព្ធដោយមនុស្សម្នាជុំវិញពិភពលោក មិនថាជាគ្រឹស្ទាន ឬមិនដែលកាន់សាសនាគ្រឹស្តក៏ដោយ។ វាជាពេលដែលក្រុមគ្រួសារ មិត្តៗរបស់ពួកគេ មកជួបជុំគ្នា រំលឹករឿងល្អៗរបស់ពួកគេ។
មនុស្សម្នាពិសេស ក្មេងៗ ចូលចិត្តបុណ្យណូអែលនេះណាស់ ព្រោះជាពេលដែលត្រូវផ្តល់និងទទួលបានកាដូ។ គ្រឹស្ទានជឿថា ព្រះយេស៊ូជាពន្លឺនៃពិភពលោក ហើយថ្ងៃទី២៥ខែធ្នូ ជាពេលដែលល្អបំផុត ដើម្បីរំលឹកថ្ងៃកំណើតរបស់ព្រះយេស៊ូគ្រឹស្ត។ ដោយក្តីស្រលាញ់របស់ព្រះចំពោះផែនដីមានទំហំធំធេង ទើបព្រះបានប្រទានព្រះរាជបុត្រា តែមួយព្រះអង្គរបស់ទ្រង់គឺព្រះយេស៊ូមកចាប់កំណើតលើផែនដី ដើម្បីឲ្យអស់អ្នកណាដែលជឿដល់រាជបុត្រនោះនឹងមិនសាបសូន្យ និងទទួលជីវិតអស់កល្បទៀតផង។
បន្ទាប់មកជាកម្មវិធីរបស់សិស្សសាលានេះកម្រិតត្រៀមមត្តេយ្យសិក្សា និងមត្តេយ្យសិក្សាកម្រិត១(មត្តេយ្យកម្រិតទាប)បានចាប់ផ្តើមដោយការរាំនិងច្រៀង បទជីងហ្គល់ប៊ែល ហើយក្រោយមកទៀត ជាកម្មវិធីរបស់កូនៗមត្តេយ្យកម្រិត២(មត្តេយ្យកម្រិត បធ្យម) និងមត្តេយ្យសិក្សាកម្រិត៣(មត្តេយ្យកម្រិតខ្ពស់) ដោយពួកគេចាប់ផ្តើមជាមួយការសម្តែងដោយរៀបជាអក្សរ អបអរសាទរ ពិធីបុណ្យណូអែល អមដោយបទចំរៀងផងដែរ។ កម្មវិធីបន្ទាប់គឺជាការដើរបង្ហាញម៉ូតរបស់សិស្សានុសិស្ស ដែលពួកគេអាចបង្អួតនូវសំលៀកបំពាក់ បែបគ្រឹស្តម៉ាស់សម្បូរបែបដើម្បីធ្វើការប្រកួតប្រជែងគ្នានៅលើឆាកយ៉ាងសប្បាយរីករាយ៕