(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា ប្រសិនបើយកច្បាប់ប្រកាសទ្រព្យសម្បត្តិរបស់កម្ពុជា ទៅអនុវត្តនៅសហរដ្ឋអាមេរិកវិញនោះ តំណាងរាស្ដ្ររបស់អាមេរិកជាប់ទោសគ្មានសល់ម្នាក់នោះទេ។
បើតាមប្រមុខដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយរូបនេះ នៅប្រទេសណាក៏មានអំពើពុករលួយដែរ ហើយនៅសហរដ្ឋអាមេរិក មានអំពើពុករលួយខ្លាំងជាងប្រទេសកម្ពុជាទៅទៀត នេះបើតាមព្រះរាជអាជ្ញាអាមេរិកប្រាប់លោកឲ្យដឹង។
ថ្លែងបែបនេះ របស់ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ធ្វើឡើងក្នុងសិក្ខាសាលាក្រោមប្រធានបទ «អ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ» នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការចូលរួមពីអ្នកកាសែតមកពីអង្គភាពផ្សេងៗ មានអង្គភាពកាសែត វិបសាយ វិទ្យុ ទូរទស្សន៍ និងក្លឹប សមាគមអ្នកកាសែតផងដែរ។
ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានលើកឡើងយ៉ាងដូច្នេះថា «អំពើពុករលួយនៅកន្លែងណាក៏មានដែរ នៅអាមេរិកក៏ធ្ងន់ធ្ងរជាងកម្ពុជាទៀត ខ្ញុំជួបព្រះរាជអាជ្ញារបស់អាមេរិក គាត់ថាស្រុកខ្មែរ ស្រួលណាស់ ហើយរឿងប្រកាសទ្រព្យសម្បត្តិស្រុកខ្មែរ ប្រសិនយកទៅអនុវត្តនៅអាមេរិកវិញ តំណាងរាស្ដ្រជាប់ទោសគ្មានសល់មួយទេ ព្រោះប្រទេសនោះរដ្ឋសភាមានអំណាចខ្លាំង»។
យ៉ាងណាមិញ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏បានលើកឡើងអំពីការដាក់ពិន្ទុរបស់អង្គការតម្លាភាពកម្ពុជា ទាក់ទងនឹងចំណាត់ថ្នាក់ពុករលួយថា គឺជាវិធីធ្វើឲ្យប្រឈមមុខ ហើយការដាក់ពិន្ទុនេះ មិនមែនជាយន្តការអន្តរជាតិទេ គ្រាន់តែជាអង្គការក្រៅរដ្ឋាភិបាលមួយតែប៉ុណ្ណោះ ហើយអង្គការសហប្រជាជាតិ មិនឲ្យដាក់ពិន្ទុរឿងអំពើពុករលួយនេះជាដាច់ខាត ព្រោះការដាក់ពន្ទុនេះធ្វើឲ្យប្រទេស និងប្រទេសប្រឈមមុខដាក់គ្នា។
ថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះគ្មាននិយមន័យជាក់លាក់អំពីអំពើពុករលួយឡើយ តែបើមានអំពើពុករលួយអាចអយុត្តិធម៌សង្គម ធ្វើឲ្យការប្រណាំងប្រជែងផ្នែកសេដ្ឋកិច្ចមិនយុត្តិធម៌៕