(ព្រះសីហនុ)៖ មន្ត្រីនគរបាលផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងខេត្តកំពង់ស្ពឺ ព្រះសីហនុ និងកោះកុង នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ ទទួលបានការបណ្តុះបណ្តាលជំនាញស្តីពី «ថវិកាកម្មវិធី និងអង្គភាពថវិកា» ដែលរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមកិច្ចសហការ ជាមួយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងពង្រឹង ពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់ចូលរួម អនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព សម្រាប់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចជាតិ។
លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងក្នុងឱកាសបើកការបណ្តុះបណ្តាលនេះថា សិក្ខាសាលា បណ្ដុះបណ្ដាលនេះ គឺពិតជាមានសារ:សំខាន់ និង ត្រូវបានធ្វើឡើងទាន់ពេលវេលា សម្រាប់មន្រ្តីរាជការ និង មន្រ្តីនគរបាលរបស់ក្រសួងមហាផ្ទៃ ពិសេស មន្រ្តីនគរបាលដែលជាស្នងការហិរញ្ញវត្ថុ មកពីស្នងការដ្ឋានខេត្តព្រះសីហនុ, ខេត្តកោះកុង និងខេត្តកំពង់ស្ពឺ ដើម្បីត្រៀមចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ពិសេសការអនុវត្តថវិកាកម្មវិធីពេញលេញ និងអង្គភាពថវិកានៅឆ្នាំ២០១៨ ខាងមុខនេះ។
លោក ប៉ាវ ហមផាន បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃមានអង្គភាពថវិកាសរុបចំនួន១០ ដែលក្នុងនោះចែកចេញជាពីរ ផ្នែកគឺ៖ ផ្នែកសន្តិសុខសាធារណៈមាន ៦អង្គភាពថវិកា និងផ្នែករដ្ឋបាលទូទៅមាន ៤អង្គភាពថវិកា។ អង្គភាពថវិកាទាំងនោះ គឺជាអគ្គនាយកដ្ឋានជំនាញ និង អង្គភាពពាក់ព័ន្ធក្រោមឱវាទទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។
លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និង វៃឈ្លាសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ត នៅឆ្នាំ២០០៤ ក្នុងគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា ពីថវិកាផ្អែកលើធាតុចូលនិងមជ្ឈការ ឆ្ពោះទៅថវិកាផ្អែកលើ លទ្ធផល និងវិមជ្ឈការ បានសម្រេចជោគជ័យគួរជាទីមោទនៈនៅក្នុងដំណាក់កាលទី១ និងដំណាក់កាលទី២ ដោយកសាងបាននូវភាពជឿទុកចិត្តខាងថវិកា និង គណនេយ្យភាពហិរញ្ញវត្ថុ ដែលបានធ្វើឱ្យកម្ពុជាចាកផុតពី ស្ថានភាពដែលមានបំណុលសាច់ប្រាក់រ៉ាំរ៉ៃ មកជាស្ថានភាពមានអតិរេកសាច់ប្រាក់ ។
លោករដ្ឋលេខាធិការបន្តថា ជោគជ័យនេះ បានធ្វើឲ្យរាជរដ្ឋាភិបាលអាចទប់ទល់បានប្រកប ដោយប្រសិទ្ធភាពនូវបច្ច័យអវិជ្ជមាន ដែលបណ្តាលមកពីផលប៉ះពាល់នៃវិបតិ្តសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨, គ្រោះមហន្តរាយធម្មជាតិផ្ទួនៗពីឆ្នាំ ២០០៩-២០១១។ លើសពីនោះ រាជរដ្ឋាភិបាលមានលទ្ធភាពក្នុងការបង្កើនការ វិនិយោគសាធារណៈលើវិស័យសំខាន់ៗ ដូចជា អប់រំ និងសុខាភិបាល ទន្ទឹមនឹងការបង្កើនកម្រិតប្រាក់បៀរវត្សរ៍ជូន មន្រ្តីរាជការ, និវត្តជន និងកងកម្លាំងប្រដាប់គ្រប់ប្រភេទជាបណ្តើរៗ ហើយថែមទាំង អាចបើកផ្តល់ជូនបានទាន់ពេលវេលា ជារៀងរាល់ខែថែមទៀត។
លោកបណ្ឌិត រដ្ឋលេខាធិការ ហ៊ាន សាហ៊ីប បានបន្ថែមថា បច្ចុប្បន្នការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានដល់ដំណាក់កាលទី៣ ក្នុងគោលដៅបង្កើនការផ្សារភ្ជាប់រវាងថវិកាទៅនឹង គោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល ជាមួយនឹងការដាក់ឱ្យអនុវត្តនូវ “ថវិកាកម្មវិធី និងអង្គភាពថវិកា” រួមនឹងការដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (FMIS)” ។ ក្នុងន័យនេះ អង្គភាពថវិកាត្រូវបានបង្កើតទ្បើង ដើម្បីធានានូវភាពជាម្ចាស់ ដោយត្រូវផ្សារភ្ជាប់ រវាងធនធានទៅនឹងការទទួលខុសត្រូវក្នុងការអនុវត្តនិងសមិទ្ធកម្ម។
ក្នុងនោះក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានដាក់ចេញនូវ «គោលការណ៍ណែនាំស្តីពីនីតិវិធីក្នុងការរៀបចំ និងអនុវត្តថវិកា កម្មវិធីនិងអនុវត្តអង្គភាពថវិកា» ដោយពង្រឹងការបែងចែកមុខងារភារកិច្ច និងការទទួលខុសត្រូវឱ្យកាន់តែច្បាស់ នៅកម្រិតអនុវត្ត។ ដូច្នេះអង្គភាពថវិកានីមួយៗ ត្រូវមានតួនាទី និងភារកិច្ចធ្វើជាម្ចាស់ក្នុងការរៀបចំ និងអនុវត្តថវិការបស់ខ្លួន និងត្រូវការចាំបាច់នូវធនធានមនុស្សដែលមានសមត្ថភាព និងមានជំនាញវិជ្ជាជីវៈគ្រប់គ្រាន់ សម្រាប់បង្កើតលទ្ធផល ជាក់លាក់ដែលអាចវាស់វែងបាន សំដៅរួមចំណែកក្នុងការសម្រេចគោលបំណងគោលនយោបាយអទិភាព របស់ក្រសួងស្ថាប័ន។ ក្នុងន័យនេះ ការកសាងនិងអភិវឌ្ឍសមត្ថភាព បានក្លាយជាកត្តាកំណត់ដ៏ចាំបាច់ សម្រាប់រួមចំណែក សម្រេចជោគជ័យ និង ធានាចីភាពនៃការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅដំណាក់កាលទី៣នេះ។
លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបតម្រូវការកសាង និងអភិវឌ្ឍសមត្ថភាពនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំនូវ “ផែនការយុទ្ធសាស្រ្តស្តីពីការកសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣” លើជំនាញសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សាធារណៈ និង ការ អនុវត្ត ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) សម្រាប់គាំទ្រដល់ការអនុវត្តរបៀវារៈគោលនយោបាយ អាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងបន្តកិច្ចសហការជាមួយគ្រប់ស្ថាប័នតួអង្គពាក់ព័ន្ធទាំងអស់ នៃ ចលនការប្រព័ន្ធ តួអង្គ និង យន្តការអនុវត្តការកសាង និងអភិវឌ្ឍសមត្ថភាព ដើម្បីជំរុញ «ការអភិវឌ្ឍជំនាញ» និង «ការពង្រីកវិសាលភាព នៃ វិធីសាស្រ្តអភិវឌ្ឍសមត្ថភាព» ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈអភិក្រមជាយុទ្ធសាស្រ្តត្រីមុខ គឺៈ (១). ការកសាងសមត្ថភាពស្ថាប័ន, (២). ការពង្រឹង ពង្រីកការស្រាវជ្រាវ និងអភិវឌ្ឍ និង (៣). ការអនុវត្តការបណ្តុះបណ្តាល និងវិក្រឹតការ ដែមានលក្ខណៈប្រមូលផ្តុំ ជាប្រព័ន្ធ និង គ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យសិក្ខាកាមគោលដៅគ្រប់ប្រភេទ មានសមត្ថភាព, ចំណេះដឹង និង ជំនាញវិជ្ជាជីវៈគ្រប់គ្រាន់, ច្បាស់លាស់ ប្រកបដោយគុណភាព ដើម្បីរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព។
តាមរយៈនេះ លោក ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា ចំពោះមុខ សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ថវិកាកម្មវិធីនិងអង្គភាពថវិកា” សម្រាប់មន្រ្តីនគរបាល ពីស្នងការដ្ឋានខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកំពង់ស្ពី នៅពេលនេះ គឺពិតជាមានសារៈសំខាន់ និង ទាន់សភាពការ ដើម្បីត្រៀមលក្ខណជាសេ្រច សម្រាប់ធានាប្រសិទ្ធភាព និងចីរភាព ក្នុងការអនុវត្តការ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕