(ក្រចេះ)៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកញ្ច្រៀច និងស្វាយអន្ទរ ខេត្តព្រៃវែង ក្រោមការចង្អុលបង្ហាញពីសំណាក់លោក នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកញ្ច្រៀច និងស្វាយអន្ទរ និងលោក ឌី វិជ្ជា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកទាំងពីរ បានដឹកនាំយុវជនចំនួន១១៥នាក់ ធ្វើការបោះជំរំនៅវិមានសន្តិភាពអនុស្សាវរីយ៍២ធ្នូ ដើម្បីរំលឹកគុណដល់ រណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា។
ប្រតិភូយុវជនទាំងអស់ ធ្វើដំណើរទស្សនកិច្ច និងបោះជំរំទៅកាន់វិមានសន្តិភាពអនុស្សាវរីយ៍២ធ្នូ ស្ថិតក្នុង ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣, ២៤ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្ត និងរំលឹកគុណដល់រណៈសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ក្រោមការដឹកនាំជាប្រតិភូយុវជន លោក ស៊ាង ធារិទ្ធ តំណាងលោកឌី វិជ្ជា ព្រមទាំងមានការចូលរួមគាំទ្រ និងឧបត្ថមពីឯកឧត្តម្ភ សុខ ខេមរិន្ទ, លោក សុខ នីត្យា, លោក មៀច សុរិទ្ធីការ្យដាវីត និងក្រុមការងារយុវជនស្រុកកញ្ច្រៀច និងស្វាយអន្ទរ។
កម្មវិធីទស្សនកិច្ច និងបោះជំរំនេះ គឺទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពី លោក នេត សាវឿន ដែលឯកឧត្តមចង់ផ្តល់ឱកាស ដល់យុវជនបានដឹងកាន់តែច្បាស់ពីប្រវត្តិសាស្រ្ត នៃការរំដោះជាតិមាតុភូមិកម្ពុជា ឲ្យរួចផុតពីយុគសម័យដ៏ខ្មៅងងឹត នៃរបបប្រល័យពូជសាសន៍ប៉ុលពត។
នៅក្នុងកម្មវិធីនេះផងដែរ ក៏មានវាគ្មិនធ្វើបទបង្ហាញពីប្រវត្តិកកើតរណៈសិរ្យសាមគ្គីសង្គ្រោះជាតិខ្មែរ ឬបុព្វហេតុផ្សេងៗដែលធ្វើឲ្យប្រទេសកម្ពុជា ឈានទៅរកការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។ មិនតែប៉ុណ្ណោះយុវជនបានចូលរួមលេងល្បែងកំសាន្តដែលបង្ហាញពីសាមគ្គីភាព ភាពឆ្លាតវៃ ការចូលរួមការងារជាក្រុម ដែលធ្វើឲ្យពួកគាត់ទទួលបានបទពិសោធន៍ថ្មីៗពីគ្នាទៅវិញទៅមក៕