(ភ្នំពេញ)៖ ហាងលក់សម្លៀកបំពាក់ «Mr.BLACK» បានបើកសម្ពោធដំណើរការលក់ជាផ្លូវការហើយ ដោយមានភ្ញៀវកិត្តិយស និងតារាល្បីៗចូលរួមយ៉ាងច្រើនកុះករ កាលពីពេលថ្មីៗនេះ ដែលមានទីតាំងនៅផ្លូវ ៤៣២ ផ្ទះលេខ៣៩ ទូលទំពូង ដោយម្ចាស់ហាងបានបញ្ជាក់ថា ជំនួញរកស៊ីនេះ ត្រូវចំណាយទុនប្រមាណជាង៤ម៉ឺនដុល្លារ និងនាំចូលនូវម្លៀកបំពាក់ពីបរទេស មកលក់ជូនអតិថិជនរបស់ខ្លួន ប្រកបដោយគុណភាពខ្ពស់ និងទាន់សម័យ។
ម្ចាស់ហាងសម្លៀកបំពាក់ «Mr.Black» អ្នកស្រី លី មួយទន់ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានថា ខ្លួនមានយុទ្ធសាស្រ្តច្រើន មុនបើកដំណើរការបើកហាងលក់ សម្លៀកបំពាក់នេះ ទើបសម្រេចចំណាយដើមទុន មិនក្រោម៤ម៉ឺនដុល្លារ បើកដំណើរការហាង ដោយយុទ្ធសាស្រ្តដែលអ្នកស្រីបង្ហើបឡើង គឺនាំចូលសម្លៀកបំពាក់ម៉ូដប្លែកៗជាច្រើន សន្ធឹកសន្ធាប់ ពីបរទេសចូលហាងជារៀងរាល់ថ្ងៃ លក់ឲ្យអតិថិជនក្នុងតម្លៃទាបជាងបណ្ដាហាងទូទៅ និងមានកាបញ្ចុះតម្លៃ ដល់គ្រប់អតិថិជនថែមទៀត។
អ្នកស្រី លី មួយទន់ បានបន្ដទៀតថា ដើម្បីឲ្យជោគជ័យលើអាជីវកម្មមួយនេះ គឺលុះត្រាតែមានការទទួលខុសត្រូវខ្ពស់មួយ តាំងពីការរៀបចំហាង ការចាត់ចែងទំនិញ ការចាត់ចែងបុគ្គលិក និងការកុម្ម៉ង់សម្លៀកបំពាក់ថ្មីៗជាប្រចាំ ដោយមិនគ្រាន់តែបើកឲ្យចេញរូបរាងហើយ ទុកឲ្យអ្នកគ្មានជំនាញមើលការខុសត្រូវនោះទេ
អ្នកស្រីថា ខ្លួននឹងយកបទពិសោធន៍ ខ្វះចន្លោះរបស់អ្នកបរាជ័យមួយចំនួន មកអនុវត្តន៍ ដើម្បីឲ្យហាង Mr.Black មានភាពរឹងមាំ និងទទួលបានជោគជ័យ ខណៈដែលអ្នកសិល្បៈខ្លះ ក៏បានផ្ដល់គំនិត និងបទពិសោធរកស៊ីឲ្យអ្នកស្រីបានដឹងផងដែរ។
សូមបញ្ជាក់ថា ក្នុងថ្ងៃបើកសម្ពោធហាង លក់សម្លៀកបំពាក់ «Mr.BLACK» គេសង្កេតឃើញមានការអញ្ជើញ ចូលរួមពីសំណាក់តារាកំប្លែងសម្បូរវោហារសព្ទ គឺម៉ាដូណា និងប៉ីប៉ីឌី ដោយពួកគេទាំងពីរ បាននិយាយឃោសនាពីម៉ូតសម្លៀកបំពាក់ ដែលមាននៅក្នុងហាង Mr.BLACK ពួកគេបាននិយាយ ឌឺដង កំប្លុកកំប្លែង បានធ្វើឲ្យភ្ញៀវកិត្តិយស ដែលបានចូលរួមផ្ទុះសំណើចមិនដាច់ ផ្អើលហាងតែម្ដង ខណៈដែលក្នុងថ្ងៃបើកសម្ពោធភ្ញៀវកិត្តិយស ដែលចូលរួម បានទិញសម្លៀកបំពាក់ថ្មីៗជាច្រើនម៉ូត ជាមួយនឹងការបញ្ចុះតម្លៃពិសេស ផងដែរ៕