(ភ្នំពេញ)៖ ពិធីបុណ្យសមុទ្រលើកទី៦ ឆ្នាំ២០១៧ ជុំទី២ នៅខេត្តកែប បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការរៀបចំអស់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០១៧ គ្រាដែលសកម្មភាពកីឡាផ្សេងៗ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីអបអរសាទរ និងផ្តល់នូវទស្សនីយភាពប្លែកៗជូនភ្ញៀវទេសចរជាតិ និងអន្ដរជាតិទស្សនាកម្សាន្ដក្នុងឱកាសនោះ ក៏បានប្រព្រឹត្តទៅយ៉ាងរលូន ហើយថែមទាំងទទួលបានការគាំទ្រ និងចូលរួមយ៉ាងច្រើនកុះករទៀតផង។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា បុណ្យសមុទ្រឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ទោះបី NOCC បានផ្លាស់ប្ដូរប្រភេទកីឡាថ្មីមួយចំនួន ប៉ុន្ដែរាល់ប្រភេទកីឡា នៅតែទទួលបានការគាំទ្រ និងចូលរួមច្រើន ពិសេសគឺកីឡាលក្ខណៈមហាជន ដូចជាការរត់លក្ខណៈកម្សាន្ដ ៣គីឡូម៉ែត្រ-៥គីឡូម៉ែត្រ, កីឡាប្រណាំងកង់ និងកីឡាចំបាប់បុរាណជាដើម។ រីឯកីឡាថ្មី ដូចជាកីឡាថាសហោះ ក៏ទទួលបានការចាប់អារម្មណ៍ច្រើនផងដែរ។ ដូច្នេះកីឡា គឺជាស្នូលមួយ នៃភាពជោគជ័យក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រខាងលើ ក្រៅពីការរៀបចំមហោស្រប ការតាំងពិព័រណ៍ និងការប្រគំតន្ដ្រីផ្សេងៗ។
លោកនិយាយថា «សកម្មភាពកីឡាបានបំពេញតួនាទីក្នុងការធ្វើឲ្យព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី៦ កាន់តែមានភាពសប្បាយរីករាយ និងមានការចូលរួមកាន់តែច្រើនតាមគោលបំណង និងអនុសាសន៍របស់លោកបណ្ឌិត ថោង ខុន ចំពោះសកម្មភាពកីឡា គឺជាសកម្មភាពស្នូលមួយ សម្រាប់ពិធីបុណ្យសមុទ្រ និងធ្វើឲ្យខ្លឹមសារនៃពិធីបុណ្យសមុទ្ររបស់យើង រួមទាំងភ្ញៀវទេសចរជាតិ និងអន្ដរជាតិ មានការសប្បាយតាំងពីព្រលឹមទល់ព្រលប់ រហូតដល់ពេលយប់ជាមួយនឹងសកម្មភាពកីឡា និងកម្មវិធីផ្សេងៗទៀត។ ចឹងសកម្មភាពកីឡា ទាំងកីឡាលើទឹក កីឡាលើឆ្នេរ និងកីឡាលើគោក គឺបានបង្កស្រូបការទាក់ទាញ និងបង្កការសប្បាយរីករាយជូនភ្ញៀវជាតិ និងអន្ដរជាតិយ៉ាងពិតប្រាកដមែន»។
ដោយឡែកឆ្នាំក្រោយដែលជាជុំទី២ សម្រាប់ខេត្តកោះកុង ត្រូវធ្វើម្ចាស់ផ្ទះបុណ្យសមុទ្រ លើកទី៧។ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបើកបុណ្យសមុទ្រ លើកទី៦ សម្ដេចបានក្រើនរំឮកដល់គ្រប់ខេត្ត ដែលត្រូវធ្វើម្ចាស់ផ្ទះត្រូវត្រៀមខ្លួនឲ្យបានល្អ ពិសេសហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីត្រៀមទទួលភ្ញៀវជាតិ និងអន្ដរជាតិ។ លើសពីនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ចូលនូវសកម្មភាពកីឡាប្លែកៗបន្ថែមទៀត ដើម្បីផ្ដល់នូវភាពសប្បាយរីករាយ សម្រាប់ភ្ញៀវជាតិ និងអន្ដរជាតិទស្សនាកម្សាន្ដក្នុងឱកាសនោះ ដូចបុណ្យសមុទ្រលើកមុនៗផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន។
សូមបញ្ជាក់ថា សម្រាប់បុណ្យសមុទ្រ លើកទី៦ ឆ្នាំ២០១៧ ដែលទើបបញ្ចប់កាលពីយប់មិញនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំឲ្យមានសកម្មភាពកីឡាសម្ដែង និងប្រកួតចំនួន ១១ប្រភេទ ទាំងកីឡាលើទឹក កីឡាលើឆ្នេរ និងកីឡាលើគោក ដើម្បីផ្ដល់នូវទស្សនីយភាពឲ្យភ្ញៀវជាតិ និងអន្ដរជាតិ ចូលរួមទស្សនា និងលេងកម្សាន្ដ រួមមានកីឡារត់កម្សាន្ដ, កីឡាទ្រីយ៉ាត្លុង, ប្រដាល់គុនខ្មែរ-គុនចម្រុះ, កីឡាជិះក្ដាររំអិល, កីឡាថាសហោះ, ប្រណាំងកង់, រាំអន្ដរជាតិ, ចំបាប់, បាល់ទះឆ្នេរខ្សាច់, Water-Ski និងកីឡាទូកក្ដោងជាដើម៕