Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម្ចាស់ទីតាំង Kiwi Mart សង់រំលោភចិញ្ចើមផ្លូវ អាជ្ញាធរខណ្ឌដូនពេញ ជូនដំណឹងឲ្យរុះរើរហូតដល់៥លើក តែមិនព្រមធ្វើតាម ថ្ងៃនេះអភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យចុះវាយកម្ទេចចោល

25-12-2017 11:51

(ភ្នំពេញ)៖ ម្ចាស់ទីតាំង Kiwi Mart បានសង់សំណង់រឹងរបស់ខ្លួនរំលោភចិញ្ចើមផ្លូវសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៥០ កែវផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ត្រូវបានអាជ្ញាធរខណ្ឌដឹកនាំដោយអភិបាលខណ្ឌ លោក សុខ ពេញវុធ ចុះទៅវាយកម្ទេចចោលតាមការបញ្ជារបស់ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។

​ប្រតិបត្តិការរបស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះទៅវាយសំណង់សង់រំលោភចញ្ចើមផ្លូវ នៅទីតាំង Kiwi Mart បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ បន្ទាប់ពីម្ចាស់ទីតាំងមិនព្រមស្ដាប់ការណែនាំ លិខិតជូនដំណឹង និងការធ្វើកំណត់ហេតុ រហូតទៅដល់៥លើក របស់សាលាខណ្ឌដូនពេញ។

នាយករដ្ឋបាលសាលាខណ្ឌ លោក ចាប ឌីណា បានឲ្យដឹងថា «អាជ្ញាធររបស់យើងបានជូនដំណឹងទៅគាត់ ឲ្យរុះរើដោយខ្លូនឯងរហូត៥លើក ប៉ុន្ដែគាត់មិនស្ដាប់ ទើបថ្ងៃនេះលោកអភិបាលខណ្ឌ ដោយមានការណែនាំអភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះមកវាយកម្ទេចចោលតែម្ដង»

លោក ចាប ឌីណា បានបញ្ជាក់ទៀតថា នៅពេលអាជ្ញាធរធ្វើលិខិតជូនដំណឹង និងធ្វើកំណត់ហេតុ ប៉ុន្ដែម្ចាស់ទីតាំងចេះតែពន្យាពេលថ្ងៃនេះថ្ងៃនោះ ទើបអាជ្ញាធររបស់យើងចុះមកអនុវត្តផ្ទាល់តែម្ដង។

នាយករដ្ឋបាលសាលាខណ្ឌរូបនេះ បានបញ្ជាក់ទៀតថា អាជ្ញាធរនឹងខិតខំការងារនេះបន្ដទៀត ដើម្បីកាត់បន្ថយ នឹងឈានទៅដល់ការលុបបំបាត់ចំពោះសកម្មភាព រំលោភចញ្ចើមផ្លូវសាធារណៈដែលនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាការធ្វើដំណើរទូទៅរបស់ប្រជាពលរដ្ឋ៕