(ព្រៃវែង)៖ ស្រ្តីមេបនល្បែងឆ្នោតវៀតណាមដ៏ធំម្នាក់ឈ្មោះ វុន ម៉ាលី ដែលអួតអាងថាមានខ្សែរធំៗ បាននិងកំពុងកើបប្រមូលលុយយ៉ាងសប្បាយក្នុងមួយថ្ងៃៗរាប់សឹបលាន ពីប្រជាពលរដ្ឋ តាមរយៈការដាក់ភ្នាក់ងារកូនកញ្ច្រែងពង្រាយឲ្យដើរ ឲ្យជិះកង់ និងជិះម៉ូតូកត់ឆ្នោតវៀតណាម យ៉ាងអនាធិប្បតេយ្យ រីកដូចផ្សិតស្ទើរតែគ្រប់ទីកន្លែង ដែលផ្ទុយពីអនុវត្តគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។
ទីតាំងបនល្បែងឆ្នោតវៀតណាមដ៏ធំរបស់ស្ត្រីឈ្មោះ វុន ម៉ាលី ស្ថិតនៅតាមបណ្ដោយផ្លូវគ្រោះក្រហម ខាងត្បូងទល់មុខផ្ទះឈ្មោះ ភឿន កយ ខាងលិចជាប់ផ្ទះឈ្មោះ ញ៉ែម រ៉ុណ និងឈ្មោះ ម៉ាប់ មី ក្នុងភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ប្រជាពលរដ្ឋទំនងជាអ្នករស់នៅក្បែរផ្ទះស្ត្រីជាមេបនល្បែងឆ្នោតវៀតណាមឈ្មោះ វុន ម៉ាលី បានបន្តរិះគន់យ៉ាងខ្លាំងៗ និងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សកម្មភាពកត់ឆ្នោតវៀតណាម ត្រូវបានកក្រើកសារជាថ្មីឡើងវិញ នៅក្នុងភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង មានទាំងដើរ ជិះកង់ និងជិះម៉ូតូ យ៉ាងអនាធិប្បតេយ្យ ដែលជាភ្នាក់ងារកូនកញ្ច្រែងកត់ឆ្នោតវៀតណាម ចាប់ពីម៉ោង១១ថ្ងៃត្រង់ រហូតដល់ម៉ោង៥ល្ងាច ទើបមកប្រមូលផ្ដុំគ្នា ដើម្បីគិតគូររាប់លុយ និងដកភាគរយរៀងៗខ្លួន នៅផ្ទះមេបនល្បែងរបស់ស្ត្រីឈ្មោះ វុន ម៉ាលី ដែលអំណួតថា មានខ្សែរធំៗ និងគ្មានសមត្ថកិច្ច ឫអាជ្ញាធរណា ហ៊ានបង្ក្រាបចាប់ឡើយ ព្រោះបានរត់ការបង់លុយជូនទៅខាងប៉ុស្ដិ៍នគរបាលឃុំព្រែកតាសរ និងអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង ជារៀងរាល់ខែរួចហើយ។
ពាក់ព័ន្ធប្រជាពលរដ្ឋរិះគន់អំពីករណីល្បែងឆ្នោតវៀតណាម និងសមត្ថកិច្ច ខាងលើនេះ នាយនគរបាលប៉ុស្ដិ៍ឃុំព្រែកតាសរ លោក ប៊ូ សុខានី បានប្រាប់ភ្នាក់ងារ Fresh News តាមទូរស័ព្ទឲ្យដឹងថា លោកសូមទទួលស្គាល់ថា ពិតជាមានការកត់ឆ្នោតវៀតណាមប្រាកដមែន ហើយកន្លងមកលោកធ្លាប់បានដាក់លិខិតអញ្ជើញឲ្យអ្នកប្រព្រឹត្តបទល្មើសល្បែងស៊ីសងកត់ឆ្នោតទាំងនោះ មកណែនាំធ្វើកិច្ចសន្យា ដើម្បីឲ្យផ្អាកសកម្មភាពកត់ឆ្នោតម្ដងរួចមកហើយ ពិសេសបានធ្វើរបាយការណ៍ទៅអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង អំពីករណីល្បែងស៊ីសងឆ្នោតវៀតណាមផងដែរ។
ជាមួយគ្នានោះ លោកវរសេនីយ៍ទោ ជា វាសនា អធិការនគរបាលស្រុកពោធិ៍រៀង បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រោយទទួលបានព័ត៌មានភ្លាមៗ ថាមានបទល្មើសល្បែងឆ្នោតវៀតណាម កំពុងបន្តសកម្មភាពលេងចាក់យ៉ាងគគ្លើនបែបនេះ លោកនឹងចាត់មន្ត្រីឲ្យដាក់លិខិតអញ្ជើញមេល្បែង និងភ្នាក់ងារកូនកញ្ច្រែងប្រព្រឹត្តបទល្មើសកត់ឆ្នោតទាំងនោះ ឲ្យមកធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបញ្ឈប់សកម្មភាពកត់ឆ្នោតជាបន្ទាន់ បើក្នុងករណីមិនស្ដាប់ ហើយនៅតែបន្តបំពាន លោកនឹងចាត់វិធានការបង្ក្រាបឃាត់ខ្លួនតែម្ដង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់។
បើទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋសង្ឃឹម និងជឿជាក់ថា លោក ប៊ូ សុខានី នាយនគរបាលប៉ុស្ដិ៍ឃុំព្រែកតាសរ និងលោកវរសនីយ៍ទោ ជា វាសនា អធិការនគរបាលស្រុកពោធិ៍រៀង និងមានវិធានការបង្ក្រាបល្បែងឆ្នោតវៀតណាមឲ្យអស់ ហើយអាចឈានទៅដល់ការឃាត់ខ្លួនមេបើកល្បែង ដើម្បីមកអនុវត្តន៍ច្បាប់ ឲ្យស្របតាមសេចក្ដីណែនាំស្តីពីវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលដាក់ចេញដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ កន្លងទៅថា នៅកម្ពុជា ល្បែងស៊ីសងមាន ២សណ្ឋាន រួមមាន៖ ល្បែងស៊ីសងស្របច្បាប់ និងល្បែងស៊ីសងមិនស្របច្បាប់។ ដូចនេះមន្ត្រីកងកម្លាំងមានសមត្ថកិច្ច ទាំងអស់ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចក្រឡាហោម ក៏បានថ្លែងផងដែរថា សម្រាប់ល្បែងស៊ី សងខុសច្បាប់ ដែលបានលបលួចបើក និងបានបើកជាចំហរ នៅតាមមូលដ្ឋានកន្លងមកដោយជ្រកក្រោមស្លាកល្បែង ស្របច្បាប់ផ្សេងៗ គឺត្រូវបានប្រកាសបិទទាំងស្រុងផងដែរ៕