(កណ្ដាល)៖ ប្តី-ប្រពន្ធ កូននិងក្មួយតូចៗ ត្រូវបានស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយសារតែរថយន្តបែន១គ្រឿង បើកលឿនជ្រុលទៅបុកយ៉ាងពេញទំហឹង នៅចំណុចគីឡូម៉ែត្រលេខ១ និងលេខ២ ភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល នាវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។

បើតាមមន្ដ្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះទី១៖ ឈ្មោះ ម៉ន ជីមី អាយុ២៦ឆ្នាំ មុខរបរកម្មករ (ប្ដី), ទី២៖ ឈ្មោះ ហៀង គឹមសាន អាយុ២៤ឆ្នាំ មានមុខរបរកម្មករ (ប្រពន្ធ), ទី៣៖ ឈ្មោះ ម៉ន សម្បត្តិ អាយុ២ឆ្នាំ (កូន) និងទី៤៖ ឈ្មោះ ខេម ស្រីម៉ី អាយុ៩ឆ្នាំ (ក្មួយ)។

មន្ដ្រីនគរបាលបន្ដថា អ្នកទាំង៤នាក់ ខាងលើនេះ មានទីលំនៅភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ជិះម៉ូតូ១គ្រឿងម៉ាកហុងដា១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១CW-៤៦១៤។

ចំណែករថយន្តបង្ក ម៉ាកនីសសាន់ ប្រភេទបែនពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ៣A-២៧៧៧ បើកបរដោយឈ្មោះ សេង ចាន់ឌឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរតៃកុងឡាន ទីលំនៅភូមិព្រពាំងស្យា ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

នគរបាល បានបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នា ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើ បើបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿន ជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោក ទៅនិងថ្នល់ បណ្តាលឲ្យស្លាប់ទាំង៤នាក់។

ក្រោយកើតហេតុនគរបាល ចុះទៅដល់រួចឃាត់ខ្លួន អ្នកបើកបររថយន្តបញ្ជូន ទៅកាន់អធិការដ្ឋាន រួមនិងវត្ថុតាងផងដែរ។ ចំណែកសាកសព ត្រូវបានប្រគល់ ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕