(បាត់ដំបង)៖ ប្រជាពលរដ្ឋទាំងអស់រស់នៅឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានថ្លែងថា ពូកគេលែងជឿក្រុមប្រឆាំងទៀតហើយ និងប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីគ្រប់អាណ្តិត ដើម្បីដឹកនាំប្រទេសកាន់តែរុងរឿងខ្លាំងឡើង។
ជាមួយគ្នានេះប្រជាពលរដ្ឋទាំងអស់ ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសក្រុមការងារចុះជួយឃុំជ្រោយស្តៅ តែងតែជួយកសាង និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងមូលដ្ឋានរហូតមក ដោយពួកគាត់ប្តេជ្ញាចិត្តបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦ជូនគណបក្សប្រជាជន នៅឆ្នាំ២០១៨ខាងមុខ ដើម្បីបន្តដឹកនាំ មានសុខសន្តិភាព ប្រទេសជាតិសម្បូរណ៍សប្បាយតទៅ និងលែងជឿឃោសនាបក្សណាដែលពូកែបោកប្រាស់សន្យាខ្យល់ទៀតហើយ។
ការថ្លែងរបស់ប្រជាពលរដ្ឋនៅឃុំជ្រោយស្តៅ ខាងលើនេះ ខណៈពួកគាត់បានសប្បាយរីករាយ បន្ទាប់ពីបានទទួលផ្លូវថ្នល់ចំនួន៤ខ្សែប្រវែង១១.៥០០ម៉ែត្រ ពីក្រុមការងារ CPP ចុះជួយឃុំជ្រោយស្តៅស្រុកថ្មគោល បានប្រគល់ជូនពួកគាត់ នាព្រឹកថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៧ នៅក្នុងបរិវេណវត្តនិគម ស្ថិតក្នុងភូមិនិគមឃុំជ្រោយស្តៅ ស្រុកថ្មគោល និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយជម្រាបជូនពីសភាពការណ៍នយោបាយជាតិ និងអន្តរជាតិថ្មីៗគ្មានអ្វីគួឲ្យព្រួយបារម្មណ៍សម្រាប់កម្ពុជាឡើយ។ ពិធីនេះក៏មានការចូលរួមពីសំណាក់លោកប្រធានបក្សឃុំ សាខាបក្សភូមិនានា ប្រជាពលរដ្ឋ តាជី យាយជី ចូលរួមជាច្រើនាក់។
សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយស្រុកថ្មគោល ប្រធានក្រុមការងារចុះជួយឃុំជ្រោយស្តៅ លោក នឹម ថូត បានថ្លែង ទៅកាន់ប្រជាពលរដ្ឋទាំងអស់ថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ CPP គ្រប់លំដាប់ថ្នាក់ តាមរយៈក្រុមការងារចុះជួយស្រុកថ្មគោល លោកនិងក្រុមការងារតែងតែយកចិត្តទុកដាក់ ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំនៅក្នុងមូលដ្ឋាន។
លោកប្រធានបញ្ជាក់ថា ផ្លូវទាំង៤ខ្សែនេះមាន៖ទី១ ផ្លូវក្រាលកៅស៊ូប្រវែង៦.០០០ម៉ែត្រ ចាប់ពីថ្នល់ជាតិលេខ៥ចុះដល់ចុងភូមិទួលថ្ងាន់ចំណាយថវិការបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ទី២ ផ្លូវក្រាលគ្រួសក្រហម២ខ្សែប្រវែង៥.០០០ម៉ែត្រ សម្រាប់៤ភូមិជាប់គ្នា គឺភូមិនិគមក្រៅ ភូមិនិគមក្នុង ភូមិនិគមកណ្តាល និងភូមិជ្រោយស្តៅ ចំណាយថវិកាបដិភាគនិងថវិកាមូលនិធិឃុំ ទី៣ ផ្លូវ១ខ្សែក្រាលគ្រួសក្រហមប្រវែង៥០០ម៉ែត្រទៀត នៅភូមិនិគមកណ្តាល ចំណាយថវិការបស់ក្រុមការងារចុះជួយឃុំជ្រោយស្តៅ។
លោកប្រធានក្រុមការងារបានបន្ថែមថា បន្ទាប់ពីបានប្រគល់ផ្លូវថ្នល់ជូនហើយ សូមបងប្អូនប្រជាពលរដ្ឋយើងនាំគ្នាថែរក្សាប្រប្រាស់ឲ្យបានយូរអង្វែង ព្រោះផ្លូវថ្នល់នេះជាផ្លូវ ប្រយោជន៍សាធារណៈក្នុងឃុំរបស់ទាំងអស់គ្នាហើយ។ ក្នុងពិធីប្រគល់ផ្លូវនេះដែរ លោកបានជម្រាបជូនពីសភាពការណ៍នយោបាយជាតិនិងអន្តរជាតិថ្មីៗថា នៅកម្ពុជាយើងពុំមានអ្វីគួឲ្យភ័យខ្លាចដូចការគំរាមកំហែង ពីអន្តរជាតិនៃប្រទេសនានានោះឡើយ ព្រោះថ្នាក់ដឹកនាំជាន់ខ្ពស់ CPP ក៏ដូចជា រាជរដ្ឋាភិបាលធ្វើអ្វីៗទៅតាមច្បាប់ប្រទេស មានភស្តុតាងគ្រប់គ្រាន់ឈានដល់ធ្វើចំណាត់ការដោយតុលាការកំពូលចាប់ខ្លួនអតីតមេបក្សក្បត់ជាតិឯង កឹម សុខា ។
លោក នឹម ថូត បានបន្តទៀតថា ពីថ្ងៃនេះទៅប្រជាពលរដ្ឋយើងបានសុខសប្បាយ មានសន្តិភាព ស្ថេរភាពពេញលេញ គ្មានអំពើសមគំនិតជាមួយបរទេសចង់ធ្វើបដិវត្តពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទៀតបានឡើយ នេះក៏ដោយសារថ្នាក់ដឹកកំពូលមានការឈ្លាសវៃ ទប់ស្កាត់បានទាន់ពេលវេលាផងដែរ។
បន្ទាប់មកក្រុមការងារបានចុះពិនិត្យមើលផ្លូវក្នុងភូមិនានា និងបានជូនថវិកាកំដរដៃដល់អ្នកចូលរួមម្នាក់ៗទទួលបាន១ម៉ឺនរៀលផងដែរ៕