(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម រួមមានកម្លាំងនគរបាល អាវុធហត្ថ សឹករងស្រុក និងខណ្ឌរដ្ឋបាលជលផលខេត្ត បានបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង ក្នុងមូលដ្ឋានឃុំគៀនជ្រៃ ស្រុកកំពង់សៀម។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះថា លោកបានបញ្ជាអធិការនគរបាលស្រុកកំពង់សៀម ដឹកនាំកម្លាំងសហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម កម្លាំងអាវុធហត្ថស្រុក និងសឹករងស្រុក ដែលដឹកនាំដោយលោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុចវាលកន្ទិល ស្ថិតក្នុងភូមិឥន្ទនេល ឃុំគៀនជ្រៃ ស្រុកកំពង់សៀម នៅថ្ងៃទី២៤ ខែធ្នូម្សិលមិញ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលដកហូតបាន លូស្បៃមុង ចំនួន៦០មាត់, របាំងប្រវែង ១០៧១ម៉ែត្រ, បង្គោលចំរុះ ចំនួន៨៨៧ដើម និងចាក់លែងកូនត្រីចំរុះ ចំនួន៧២០គីឡូក្រាម។ ដោយឡែកសម្រាប់វត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបំផ្លាញចោលនៅកន្លែងតែម្ដង៕