(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានរៀបចំរាយអំពូលភ្លើង ក្នុងបរិវេណសាកលវិទ្យាល័យជាច្រើនកន្លែង ដើម្បីឱ្យនិស្សិតសិក្សានៅពេលយប់ព្រលប់។
លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់សារព័ត៌មានថា ពេលនេះសាកលវិទ្យាល័យបានរកដំណោះស្រាយថ្មី មួយទៀតនោះគឺការបំពាក់អំពូលភ្លើង ដែលប្រើសូឡាថាមពលពន្លឺព្រះអាទិត្យ ដើម្បីជួយបំភ្លឺបរិវេណសាកលវិទ្យាល័យ និងជួយដល់ការសិក្សារៀនសូត្ររបស់និស្សិត នៅពេលយប់ព្រលប់។
លោកបន្តថា លើកទី១នេះ ត្រូវបំពាក់អំពូលភ្លើងចំនួន១៦បង្គោលសិន ហើយនឹងបន្តរៀបចំឱ្យមានច្រើនកន្លែងទៀត ដើម្បីធ្វើយ៉ាងណាបម្រើឱ្យផលប្រយោជន៍សាលាផង និងប្រយោជន៍និស្សិតផង។
លោក ជេត ជាលី បានបន្ថែមថា ការបំពាក់អំពូលភ្លើងសូឡា ក្នុងបរិវេណសាលានេះមានប្រយោជន៍ច្រើនយ៉ាងណាស់ ដូចជាជួយសម្រួលដល់ការសិក្សានៅពេលយប់របស់និស្សិត ធ្វើឱ្យបរិវេណសាលាមានសុវត្ថិភាព បង្កើនសោភ័ណភាពសាលានៅពេលយប់ ជាទីហាត់ប្រាណរបស់ពលរដ្ឋ ពិសេសភ្លើងសូឡានេះមិនបានប៉ះពាល់ដល់បរិយាកាសនិងបរិស្ថានឡើយ សំខាន់មួយទៀតគឺបានឱ្យសាលាសន្សំប្រាក់កាកចំពោះការប្រើប្រាស់ភ្លើង។
ឆ្លើយតបនឹងការបង្កើតឲ្យមានអំពូលភ្លើងពេលយប់នេះ និស្សិត២រូប ដែលសិក្សានៅ RUPP បានប្រាប់ឲ្យឹងថា ពួកគេពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលថ្នាក់ដឹកនាំសាកលវិទ្យាល័យមួយនេះបានរៀបចំបំពាក់ភ្លើងបំភ្លឺនៅពេលយប់ ក្នុងបរិវេណសាលា ព្រោះពិតជាសំខាន់ឱ្យនិស្សិតបានសិក្សា ស្វ័យសិក្សានៅពេលយប់ព្រលប់ និងមានសុវត្ថិភាពដល់ពួកគេទៀតផង។ ពួកគេបន្តថា មាននិស្សិតសិក្សានៅវេណយប់ជាច្រើន ហើយសិក្សានៅពេលយប់ពិតជាត្រូវភ្លើងបំភ្លឺ មានន័យថា ភ្នែកមនុស្សម្នាក់ៗអាចមើលឃើញនៅពេលយប់គឺដោយសារភ្លើង ដូចនេះពួកគេសូមអរគុណដល់ថ្នាក់ដឹកនាំសាលាដែលបានគិតគូរគ្រប់បែបយ៉ាងដល់ការសិក្សារបស់ពួកគេ។
គួរបញ្ជាក់ថា ការបំពាក់ភ្លើងសូឡា ប្រថាមពលពន្លឺព្រះអាទិត្យក្នុងបរិវេណសាកលវិទ្យាល័យមួយនេះជាជំនួយ របស់ក្រុមហ៊ុន B Green របស់ថៃ តាមរយៈលោក ម៉ី កល្យាន ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕