(ភ្នំពេញ)៖ ពិព័ណ៍ពាណិជ្ជកម្មថៃ «Thailand Products Expo» លើកទី៣ នឹងត្រូវរៀបចំឡើងឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣១ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការរំពឹងទុកជាមុនថាទំហំពាណិជ្ជកម្មកម្ពុជា-ថៃនេះនឹងមានការកើនឡើង១០ភាគរយដូចឆ្នាំមុនៗដែរ។

ពិព័រណ៍ពាណិជ្ជកម្មថៃនេះ «Thailand Products Expo» នឹងត្រូវរៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ ដោយមានក្រុមហ៊ុនប្រមាណជាង២០០ក្រុមហ៊ុន និងមានស្ដង់ប្រមាណជាង២០០ស្ដង់។ ក្នុងពិព័រណ៍នោះក៏មានតាំងលក់ បង្ហាញនូវសំភារៈជាច្រើនដូចជា៖ សំភារៈសំណង់ និងគ្រឿងបន្លាស់​ម៉ាស៊ីន, អាហារ និងភេសជ្ជៈ, សំលៀកបំពាក់ និងវាយនភ័ណ្ឌ, សុខភាព និងសម្ភស្ស, សំភារៈប្រើប្រាស់ក្នុងផ្ទះបាយ និងក្នុងផ្ទះ, វត្ថុអនុស្សាវរីយ៍ និងគ្រឿងតុបតែងផ្ទះ, ទំនិញ OTO ថៃ, សំភារៈធ្វើពីស្បែក និងស្បែកជើង រួមទាំងសំភារៈអគ្គិសនី និងអេឡិចត្រូនិកជាច្រើនទៀតផង។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល តំណាងពាណិជ្ជកម្មថៃប្រចាំខេត្តសៀមរាប បានថ្លែងឲ្យដឹងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ក្នុងមួយឆ្នាំៗ​បានកើនឡើង​ចំនួន១០ភាគរយ....ហើយក្នុងឆ្នាំនេះយើងសង្ឃឹមថាយ៉ាងតិចណាក៏កើន១០ភាគរយនៃទំហំពាណិជ្ជកម្ម។

លោកស្រីក៏បានបញ្ជាក់ទៀតថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃកាលពីឆ្នាំ២០១៦មានរហូតដល់៥៦០០លានដុល្លារ ដោយក្នុងនោះថៃនាំចូលកម្ពុជា​​៤៦០០លានដុល្លារ ហើយកម្ពុជានាំចេញទៅថៃបាន៩៣៧លានដុល្លារ ចំណែកឯដើមឆ្នាំ២០១៧តួលេខនេះ ឃើញថាមានការកើនឡើង​ ប៉ុន្ដែ
សម្រាប់ចុង​ឆ្នាំ២០១៧នេះ មិនទាន់មានតួលេខជាក់លាក់ណាមួយឡើយ​ មានតែតួលេខ៦ខែដើមឆ្នាំ២០១៧ ដោយមានទំហំពាណិជ្ជកម្មរួម
ជិត៣ពាន់លានដុល្លារ។

សូមបញ្ជាក់ថាពិព័រណ៍ពាណិជ្ជកម្មថៃលើកទី៣នេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយផលិតផលថៃដែលមានគុណភាពល្អ តម្លៃសមរម្យ និងដើម្បីអប់អរសាទរ​បុណ្យចូលឆ្នាំសកល និងថ្លែងអំណរគុណទៅដល់អតិថិជនដែលតែងតែគាំទ្រផលិតផលថៃ៕