(ស្វាយរៀង)៖ លោក កែរ ដ្ឋា អនុប្រធានក្រុមការងារចុះជួយឃុំឈើទាលស្រុកស្វាយជ្រំខេត្តស្វាយរៀងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នេះបានថ្លែងប្រាប់ពលរដ្ឋថា យើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសន្តិភាព អោយស្ថិតស្ថេរគង់វង្សព្រោះប្រទេសមានការអភិវឌ្ឍសព្វថ្ងៃនេះគឺដោយសារមានសុខសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍប្រទេស ។
ការលើកឡើងបែបនេះខណៈដែលរូបលោក បានដឹកនាំក្រុមការងារបក្សចុះជួបសំណេះសំណាលជាមួយសមាជិកបក្ស និងនាំគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរ សុខាភិបាលខេត្តស្វាយរៀង ចុះពិនិត្យព្យាបាលអ្នកជំងឺក្រីក្រី នៅឃុំឈើទាល ស្រុកស្វាយជ្រុំ។
ដោយមានជំនួយឧបត្ថម្ភគាំទ្រ ពីលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាអ្នកតំណាងមណ្ឌលស្វាយរៀង និងជាប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយខេត្តស្វាយរៀង។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានពាំនាំនូវក្តីនឹករលឹក និងការសាកសួរសុខទុក្ខ ពីលោកស្រី ម៉ែន សំអន និងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ដែលជានិច្ចជាកាលតែងតែព្រួយបារម្ភ ចំពោះសុខភាពនិងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល ចុះជួយព្យាបាលនេះ ពិតមែនតែជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត គណបក្សប្រជាជនកម្ពុជា ប៉ុន្តែការព្យាបាលនេះ មិនប្រកាន់និន្នាការនយោបាយ ឬគណបក្សណាមួយទេ ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ក៏បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពអោយបានល្អត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ហើយរួមគ្នាថែរក្សា សមទ្ធិផលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខដឹកនាំដ៏ឈ្លាសវៃ អោយបានស្ថិតស្ថេរយូរអង្វែងជាបន្តបន្ទាប់ទៀតនិងគាំទ្រសម្តេចតេជោធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិផងដែរ៕