(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សមាជិកសមាគមនអ្នកលក់ឱសថកម្ពុជា ជំនាន់ទី៣ នៅសាលមហោស្រពចេនឡា នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការប្តេជ្ញាបន្តយកចិត្តទុកដាក់លុបបំបាត់ក្រុមហ៊ុនឱសថ និងឱសថការី ដែលមិនគោរពច្បាប់របស់ក្រសួងដូចជាលក់ឱសថគ្មានបញ្ជីការ ផ្សព្វផ្សាយឱសថគ្មានច្បាប់អនុញ្ញាត និងការចុះស្រាវជ្រាវដកហូតឱសថ ក្លែងក្លាយឱសថខុសច្បាប់ ឱសថហាមឃាត់ ឱសថដែលមានគុណភាពអន់ និងផុតកំណត់ការប្រើប្រាស់ដើម្បីយកទៅដុតកម្ទេចចោល។
លោក ឃួង ស្រេង បានបន្តថា ដោយមានការយកចិត្តទុកពីសំណាក់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល ដោយផ្តោតជាសំខាន់លើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសុខាភិបាលដូចជា៖ ការបណ្តុះបណ្តាលវេជ្ជបណ្ឌិត ទន្តទណ្ឌិត ឱសថការី គិលានុបដ្ឋាយិកា ព្រមជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសុខាភិបាលទាំងផ្នែករដ្ឋ និងផ្នែកឯកជនតាមរយៈការបង្កើនថវិកាជាតិជាលំដាប់ ចំពោះការចំណាយសាធារណៈលើវិស័យសុខាភិបាល។
យោងតាមការតាមរបាយការណ៍ របស់លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមនអ្នកលក់ឱសថកម្ពុជា បានបញ្ជាក់ឲ្យដឹងថា តាមរយៈការបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានសម្រាប់អ្នកលក់ឱសថ តាមឱសថស្ថានរួមមានផ្នែកវេជ្ជសាស្ត្រ និងឱសថសាស្ត្រ បានចំនួន៣វគ្គ។ សម្រាប់វគ្គទី៣នេះ មានសិក្ខាកាមសរុបចំនួន៥៦៨នាក់ (ស្រី៣២៨នាក់) ដែលជាម្ចាស់អ្នកគ្រប់គ្រងទូទៅ អ្នកលក់ឱសថអាហារបំប៉នសុខភាព និងគ្រឿងសំអាងមកពីបណ្តារាជធានី-ខេត្ត៕