(ភ្នំពេញ)៖ ក្នុងសង្គមខ្មែរ បើរាប់ពីការធ្លាក់ចុះនៃអារ្យធម៌អង្គរមក គឺមិនថាសម័យណា ឬសម័យណាទេ រហូតមកដល់សព្វថ្ងៃយើងឃើញថាពាក្យ «ស្នេហាជាតិ» បានផ្ទុះទ្បើងក្នុងសង្គមខ្មែរយ៉ាងផុលផុសបំផុត។ ពិសេសក្នុងពេលប្រទេសមានសន្ដិភាព និងការអភិវឌ្ឍនេះ យើងតែងឮពាក្យមួយឃ្លានេះ ចេញពីមាត់ប្រជាពលរដ្ឋ មេគណបក្សនយោបាយ និងសកម្មជននយោបាយខ្លះ បានយកមកបង្ហោះលើបណ្ដាញសង្គមខ្លួន ស្ទើរក្លាយជាកម្មសិទ្ធិផ្ដាច់មុខរបស់បុគ្គលម្នាក់ៗដើម្បីតំាងខ្លួនអស្ចារ្យជាងគេ ក្នុងចេតនាបង្ហាញសាធារណៈថា «ខ្លួនជាអ្នកស្នេហាជាតិ» ។ តើអ្នកស្នេហាជាតិត្រូវមានឧត្ដមគតិបែបណា?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងអះអាងថា បើនិយាយពី «អ្នកស្នេហាជាតិ» គឺជាអ្នកស្រទ្បាញ់ជាតិ មាតុភូមិ ប្រជាជន ក្នុងនោះមានបូរណភាពទឹកដី ឯករាជ្យ អធិបតេយ្យទំាងស្មារតី និងសម្ភារៈ។ មានន័យថា «អ្នកស្នេហាជាតិ» មិនមែនស្ថិតនៅត្រឹមតែមនោសញ្ចេតនា ឬត្រឹមតែបបូរមាត់តែប៉ុណ្ណោះទេ គឺស្ថិតនៅលើសកម្មភាពនិងឧត្ដមគតិជាក់ស្ដែង ក្នុងបុព្វហេតុការពារផលប្រយោជន៍ជាតិ សេចក្ដីថ្លៃថ្នូរជាតិ និងប្រជាពលរដ្ឋជាចម្បង។
ស្ថិតក្នុងបរិការនេះយើងត្រូវយល់ថា «អ្នកស្នេហាជាតិ» ពុំមែនជារបៀបស្នេហាជាតិឯកោ ដោយផ្ដាច់ចេញពីសហគមន៍អន្ដរជាតិដូចសម័យប៉ុលពតនោះទេ។ ផ្ទុយទៅវិញ «អ្នកស្នេហាជាតិ» ក៏ត្រូវផ្សារភ្ជាប់និងសហគមន៍អន្ដរជាតិជាមិត្ដផងដែរ ព្រោះជាតិមួយមិនអាចរស់នៅបានដោយកាត់ផ្ដាច់នឹងទំនាក់ទំនងជាមួយនឹងជាតិនានាបានទេ ប៉ុន្ដែទំនាក់ទំនងនេះគឺត្រូវឈរលើ គោលការណ៍ស្មើភាព សមភាព និងមានផលប្រយោជន៍គ្នាទៅវិញទៅមក។
លោក រត្ន័ សណ្ដាប់ បន្ដថា បើហេតុនេះចំពោះអ្នកសេ្នហាជាតិ ពុំមែនសំដៅលើស្នេហាចង្អៀតចង្អល់ហួសហេតុទេ ប៉ុន្ដែធ្វើយ៉ាងណាឲ្យអត្ថិភាពជាតិខ្លួនឧដុង្គឧត្ដមបំផុត ដោយធ្វើយ៉ាងណា ឲ្យសក្ដិសមជាជាតិមួយក្នុងសហគមន៍ពិភពលោកដូចជាតិនានាដែរ។ បានសេចក្ដីថាយើងចង់ឲ្យជាតិយើងមានឧត្ដមភាពគ្រប់វិស័យ ប៉ុន្ដែយើងក៏គ្មានមហិច្ឆិតាយកឧត្ដមភាពនេះទៅរំលោភលើជាតិដទៃដែរ។
ដោយហេតុនេះចំពោះ «អ្នកស្នេហាជាតិ» ត្រូវឈរលើឧត្ដមគតិជាតិនិយម និងអន្ដរជាតិនិយមផងដែរ ព្រោះយើងត្រូវយល់ថា «ជាតិ»នានា ក៏គេស្រទ្បាញ់ជាតិគេដូចយើងស្រទ្បាញ់ជាតិយើងដែរ។ ជាក់ស្ដែងចំពោះសេចក្ដីស្រទ្បាញ់ជាតិ យើងឃើញក្នុងប្រវត្ដិសាស្រ្ដថ្មីៗនេះក្នុងពេលប្រទេសជិតខាង មានមហិច្ឆិតាចង់រំលោភបំពានលើបូរណភាពទឹកដីខ្មែរយើងនៅតំបន់ប្រាសាទព្រះវិហារ ឬតំបន់ផ្សេងៗទៀត គឺយើងហ៊ានពលីជីវិតដើម្បីថែរក្សាការពារនូវសមិទ្ធិផលជាតិរបស់យើងដល់តំណក់ឈាមចុងក្រោយ រហូតទទួលបានជោគជ័យដើម្បីឯករាជ្យ អធិបតេយ្យ វប្បធម៌។ល។ របស់ជាតិយើង សូម្បីមួយសម្រៀកសក់ក៏យើងមិនសុខចិត្ដនៅស្ញៀមឈរឱបដៃមើលដែរ។ នេះហើយហៅថា «ឧត្ដមគតិអ្នកស្នេហាជាតិ» នោះ។
សព្វថ្ងៃបើពិនិត្យចំពោះសកម្មជនអ្នកនយោបាយខ្លះ ឬមេគណបក្សខ្លះ កំពុងតំាងខ្លួនថា ជាអ្នកស្នេហាជាតិ តើពិតជាអ្នកស្នេហាជាតិមែនឬទេ? ត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ យល់ថា បើពិនិត្យមើលអំពីទង្វើជាក់ស្ដែងរបស់បុគ្កលទំាងនេះ គឺពុំមែនជាអ្នកស្នេហាជាតិអ្វីនោះទេ។ ដោយហេតុថាពួកគេគ្រាន់តែយកពាក្យ «ស្នេហាជាតិ»នេះ មកធ្វើជាបទចម្រៀងដ៏ពិរោះ ដើម្បីច្រៀងបំពេឲ្យមហាជនស្ដាប់គំាទ្រខ្លួនតែប៉ុណ្ណោះ។
ជាក់ស្ដែង ដូចជាពួកគេតែងលើកពាក្យស្លោកយ៉ាងពិរោះថា «សុខចិត្ដស្លាប់ខ្លួន កុំឲ្យស្លាប់ជាតិ» ជាដើម ប៉ុន្ដែធាតុពិតយើងឃើញទេ! ទង្វើរបស់ពួកគេគឺពុំដូច្នោះទេ! គឺពួកគេសុខចិត្ដឲ្យ «ជាតិស្លាប់» ទៅវិញទេ! ក្នុងនោះពួកគេបានដើរប្រកូសប្រកាសឲ្យអន្ដរជាតិផ្ដាច់ជំនួយ ឬកុំឲ្យក្រុមហ៊ុនបរទេសទិញទំនិញពីស្រុកខ្មែរ និងកុំមករកស៊ីស្រុកខ្មែរជាដើម។ នេះហើយជាទង្វើសម្លាប់«ជាតិ»នោះ។ បើដូច្នេះ បើនិយាយពីទ្រឹស្ដីដូចពោលខាងលើនេះ គួរអ្នកនយោបាយខ្មែរទំាងនេះ ទៅរៀនសូត្រពីអ្នកស្នេហាជាតិថៃគឺ លោក ថាក់ ស៊ីន ឬលោកស្រី យីនទ្បាក់ ជាដើម ទើបជាការប្រពៃសម្រាប់ជាតិ៕