(កំពត)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាល ជាមួយគណៈអ៊ីម៉ាំ លោកគ្រូអ្នកគ្រូខ្មែរឥស្លាម និងយុវជន ខេត្តកំពត និងកែប ចំនួន៧០០នាក់ ដែលបានធ្វើឡើងនៅសាលាបឋមសិក្សាកំពង់កែស ស្ថិតនៅក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
ក្នុងកិច្ចសំណេះសំណាល លោកឧកញ៉ា អូស្មាន ហាស្សាន់ បានផ្តាំផ្ញើនូវគោលការណ៍ល្អៗនានា ទៅកាន់គណៈអ៊ីម៉ាំស្រុកនានានៃខេត្តកំពត និងកែប ដែលជាសេនាធិការ របស់គណៈចលនាសាសនិកឥស្លាមរបស់ គណបក្សប្រជាជានកម្ពុជា ដើម្បីអនុវត្ត និងពង្រឹងតាមមូលដ្ឋាន ក្នុងគោលបំណងបន្តលើកកំពស់ ការពារគោលនយោបាយ ជាពិសេសការសាមគ្គីភាព សហប្រតបត្តិការ ក្នុងការងារសង្គមឲ្យបានកាន់តែទូលំទូលាយ ក្នុងនោះដែរត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយពីសារៈសំខាន់នៃការត្រៀម ខ្លួនក្នុងការបោះឆ្នោតសភានាឆ្នាំ២០១៨នេះតែម្តង។
លោក អូស្មាន ហាស្សាន់ បានលើកឡើងថា ទោះបីជាកន្លងមកទាំងកម្លាំងគណៈអ៊ីម៉ាំ និងកម្លាំងគណៈចលនាសាសនិក ឥស្លាមកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា បានកសាងគុណសម្បត្តិជាច្រើន ក្នុងការបង្រួបបង្រួម និងសាមគ្គីក្នុងសហគមន៍របស់ខ្លួន បានលទ្ធផលល្អយ៉ាងណាក្តី ក៏ប៉ុន្តែដើម្បីបង្កើនឲ្យលទ្ធផលការងារនេះឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត គឺថ្នាក់ដឹកនាំគណៈចលនាគ្រប់លំដាប់ត្រូវបង្កើន ក៏ដូចជាការបញ្ចូល សមាសភាពកម្លាំងយុវជន បន្ថែមទៀត។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានកោតសរសើរដល់ប្រធាន និងសមាជិក សមាជិកាសម្ព័ន្ធយុរជន មុស្លិមកម្ពុជាខេត្តកំពត និងខេត្តកែប ដែលតែងតែ បានលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលាដើម្បីបុព្វេហតុសហគមន៍ រាល់សកម្មភាពនានា របស់ថ្នាក់ដឹកនាំ គឺតែងតែបានឃើញប្អូនៗបានឆ្លៀតគៀងគរកម្លាំង ចូលរួមស្វាគមន៍ និងស្រុះដៃគ្នាចូលរួមគ្រប់សកម្មភាពនានា។ ត្បិតការចូលរួមដោយស្ម័គ្រចិត្តនេះ វាមិនបានផ្តល់កម្រៃកំណត់ណាមួយដល់ប្អូនៗ តែសកម្មភាពនៃការលះបង់នេះហើយ ដែលកំពុងតែលើកស្ទួយកេរ្ត៍ឈ្មោះ កិត្តិយស និងសមត្ថភាពជាវិជ្ជមានរបស់ប្អូនៗយុវជន ដែលកំពុងក្លាយ ខ្លួនជាយុវជនសសរទ្រូងរបស់សង្គម ជាគំរូល្អសម្រាប់បងប្អូនយើងផ្សេងៗទៀត នឹងយកតម្រាប់តាម ដែលដឹកនាំសង្គមទាំងមូលកាន់តែមានភាពថ្លៃថ្នូរឡើង ហើយការងារនេះ ក៏ជាការហាត់ពត់លត់ដុំខ្លួនឲ្យមានឆន្ទៈចូលរួមការធ្វើការងារជាក្រុម ជាពិសេសវាជាឱកាសមាសសម្រាប់ការកសាងសមត្ថភាពរបស់ខ្លួន ដើម្បីជាទុនសម្រាប់ប្រលូកក្នុងភារកិច្ចការងារផ្សេងៗ។
ក្នុងឱកាសនោះដែរ លោកបាននាំថវិការដើម្បីចែក ជូនដល់ប្អូនៗយុវជន និងសិស្សានុសិស្ស២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល និងអង្ករចំនួន២តោន ចែកជូនដល់ប្រជាពលរដ្ឋចាស់ជរាក្រីក្រចំនួន១០០គ្រួសារ ក្នុងមួយគ្រួសារបានទទួលអង្ករ២០គីឡូក្រាម។ អង្ករនេះជាជំនួយរបស់ ក្រុមប្រឹក្សាឥស្លាមរដ្ឋសឺឡាងរ ប្រទេសម៉ាឡេស៊ីសហការអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលបានឧបត្ថម្ភអង្ករសរុប២៤តោន ហើយបានធ្វើការឧបត្ថម្ភចែកចាយទៅកាន់មណ្ឌលកំព្រា និងមណ្ឌលអប់រំដែលខ្វះខាតនានា៕