(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានចូលរួមបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្ស ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចក្រឡាហោម ស ខេង ក្រោមអធិបតីភាពលោក ស សុខា អ្នកតំណាងរាស្រ្តខេត្តព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានឲ្យដឹងថា ថ្ងៃនេះលោកបានដឹកនាំកម្លាំងនគរបាលខេត្ត សរុប៦២នាក់ មកបរិច្ចាគឈាមសង្គ្រោះជីវិតអ្នកជំងឺ ហើយលោកសូមធ្វើការអំពាវនាវឲ្យកម្លាំងនគរបាលផ្សេងទៀតនៅទូទាំងខេត្ត សូមអញ្ជើញទៅចូលរួមបរិច្ចាគឈាមឲ្យបានគ្រប់ៗគ្នា។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ការបរិច្ចាគឈាម គឺជាការងារមនុស្សធម៌ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមព្រោះការបរិច្ចាគឈាមជួយសង្រ្គោះ ជីវិតមនុស្ស គឺហាក់បីដូចយើងបានធ្វើបុណ្យអញ្ចឹងដែរ។ ក្រៅពីការងារស្នូលរបស់កម្លាំងនគរបាល ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាការបង្ក្រាបបទល្មើសផ្សេងៗ នោះកម្លាំងនគរបាលខេត្តបានចូលរួមក្នុងកិច្ចការសង្គមជាច្រើន៕