(ភ្នំពេញ)៖ ក្រុមហ៊ុន ស៊ីស្កូ សហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មានវិទ្យាសាន់រាយស៍ ដែលជា Cisco Academy Council សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប, សាកលវិទ្យាល័យ Southeast Asia និងក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត Today រៀបចំសិក្ខាសាលាថ្នាក់ជាតិមួយនៅខេត្តសៀមរាប ស្តីពីកម្មវិធីសិក្សាស៊ីស្កូ ដើម្បីទទួលបាននូវព័ត៌មានពីការវិវត្តចុងក្រោយនៃកម្មវិធីសិក្សា ស៊ីស្កូ ការងារនិងតួនាទីនៃការអប់រំ ព័ត៌មានទូទៅរបស់ Cisco NetSpace និងការលើកឡើងពីអ្វីដែលនឹងកើតឡើងក្នុងពេលខាងមុខ ពិសេសគឺការពង្រឹងគុណភាពអប់រំលើជំនាញទាំងអស់នោះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
លោកស្រី Marcella O’Shea, ប្រធានគ្រប់គ្រងកម្មវិធីសិក្សាប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងពីការអភិវឌ្ឍន៍ឥតឈប់ឈររបស់ក្រុមហ៊ុនស៊ីស្កូក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ដែលអាចធ្វើឱ្យពិភពលោកមានការផ្លាស់ប្តូរ ហើយបច្ចុប្បន្នភាពនៃការរីកចម្រើនលើកម្មវិធីសិក្សា ចំនួនសិស្ស និងស្ថាប័នទូទាំងពិភពលោកដែលបាននឹងកំពុងធ្វើការបណ្តុះបណ្តាលកម្មវិធីសិក្សានេះ ពិសេសឱកាសការងារសម្រាប់អ្នកដែលបានសិក្សាចប់ លើកកម្រិតណាមួយនៃកម្មវិធីសិក្សាទាំងអស់។
លោក Adri Gautama អ្នកគ្រប់គ្រងកម្មវិធីសិក្សាស៊ីស្កូប្រចាំប្រទេសឥណ្ឌូនេស៊ី បានធ្វើបទបង្ហាញពាក់ព័ន្ធទៅនឹងការអនុវត្តន៍លើ Tools និង Security មួយចំនួនរបស់កម្មវិធី Cisco Packet Tracer និងកម្មវិធីសិក្សាដែលបាននឹងកំពុងត្រៀមដាក់បញ្ជូលទៅក្នុង Cisco NetSpace សម្រាប់ការសិក្សាក្នុងពេលឆាប់ៗខាងមុខនេះ។
កញ្ញា វឿន លក្ខណា អ្នកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មានវិទ្យាសាន់រាយស៍ ក៏បានគូសបញ្ជាក់បន្ថែម ដល់គ្រូស៊ីស្កូទាំងអស់ ឱ្យយកចិត្តទុកដាក់លើការប្រើប្រាស់ Cisco NetSpace និង Tools មួយចំនួនបន្ថែមទៀត ដែលគ្រូទាំងអស់ត្រូវយល់ដឹង ក្នុងពេលបង្រៀនដល់សិស្ស។
Cisco ជាកម្មវិធីសិក្សាដែលផ្តោតសំខាន់ទៅលើជំនាញបច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មានវិទ្យា (ICT), ដែលជាង១៧០ប្រទេស នៅលើពិភពលោក បានយកកម្មវិធីសិក្សានេះ ទៅធ្វើការបណ្តុះបណ្តាល ដល់និស្សិតរបស់ខ្លួន ក្នុងនោះប្រទេសកម្ពុជា មានចំនួន១៥ គ្រឹះស្ថានអប់រំ ដែលមានអាជ្ញាប័ណ្ណពីក្រុមហ៊ុន ស៊ីស្កូ បាននឹងកំពុងធ្វើការបណ្តុះបណ្តាល កម្មវិធីសិក្សានេះផងដែរ។ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏ជាដៃគូមួយដ៏សំខាន់របស់ក្រុមហ៊ុន ស៊ីស្កូ សហរដ្ឋអាមេរិក ដែលមានតួនាទីជាកន្លែបណ្តុះបណ្តាលលើកម្មវិធីសិក្សា ស៊ីស្កូ គ្រប់កម្រិត (Cisco Academy) និងជាអ្នក Support ផ្នែកបច្ចេកទេសប្រចាំប្រទេសកម្ពុជា ទៅដល់គ្រប់គ្រឹះស្ថានអប់រំដែលជាដៃគូទាំងអស់របស់ក្រុមហ៊ុន ស៊ីស្កូ លើការធានាឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបណ្តុះបណ្តាល៕