(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានបញ្ជាឲ្យកម្លាំងនគរបាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងមូលដ្ឋានស្រុកកំពង់សៀម។
លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះថា លោកបានបញ្ជាអធិការនគរបាលស្រុកកំពង់សៀម ដឹកនាំកម្លាំងសហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ដែលដឹកនាំដោយលោក ឯម គឹមសួរ អភិបាលរងស្រុកកំពង់សៀម ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុចវាលទន្លេ និងវាលកន្ទេល ឃុំគៀនជ្រៃ នៅថ្ងៃទី២៣ ខែធ្នូម្សិលមិញ។
បើតាមលោកស្នង ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងសមត្ថកិច្ចដកហូតបាន លូស្បៃមុង ចំនួន៣៨មាត់, របាំងប្រវែង៤៥៦ ម៉ែត្រ, បង្គោលចំរុះ ចំនួន៦១២ដើម និងចាក់លែងកូនត្រីចំរុះ ចំនួន១១៤គីឡូក្រាម។
ក្រោយប្រតិបត្តិការ វត្ថុតាងត្រូវបានកម្ទេចចោលនៅកន្លែងកើតហេតុតែម្ដង៕