(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បញ្ជាឲ្យកម្លាំងសមត្ថកិច្ចគ្រប់ អង្គភាពមន្រ្តីជំនាញទូទាំងខេត្តចុះទៅជួយពន្លត់ភ្លើងឆេះព្រៃមួយកន្លែង យ៉ាងសន្ធោសន្ធៅនិងរាលដាលឆេះឈើនៅ ក្នុងក្រុមហ៊ុនមួយឈ្មោះ ដាយណាម បណ្តាលឲ្យឆេះឈើអស់ជាច្រើនម៉ែត្រគូប និងកំពុងបន្តឆេះរាលដាលនៅទីតាំងគម្របព្រៃឈើ ផ្សេងៗទៀត នៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី២២ ខែធ្នូឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះ ភ្លើងមិនទាន់បានរលត់ទាំងស្រុងនោះឡើយ។
លោក ហែម បូណារ៉ែល មេបញ្ជារការកងរាជអាវុធហត្ថខេត្តបានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះថា ភ្លើងឆេះព្រៃ និងឆេះឈើនៅក្នុងក្រុមហ៊ុនខាងលើនោះ ពិតជាបានកើតឡើងមែន ហើយកងកម្លាំងកងរាជអាវុធហត្ថខេត្ត ស្រុក រួមទាំងកងកម្លាំងចម្រុះជាច្រើន កំពុងចុះទៅទីតាំងអគ្គីភ័យកំពុងឆាបឆេះនោះដើម្បីជួយពន្លត់ហើយ ប៉ុន្តែដោយសារទំហំនៃការឆាបឆេះមានទំហំធំធេងពេក កម្លាំងអាវុធមានការលំបាកក្នុងការជួយពន្លត់ តែទោះយ៉ាងណារហូតមកដល់ពេលនេះភ្លើងបានរលត់ស្ទើរទាំងស្រុងហើយ។
លោក អ៊ុក សំណាង ស្នងការខេត្តមណ្ឌលគិរី បានបញ្ជាក់ដែរថា ទោះបីទីតាំងភ្លើងឆេះព្រៃ និងរាលដាលឆេះឈើនៅក្នុងក្រុមហ៊ុនខាងលើមានចម្ងាយនៅឆ្ងាយពី ទីរួមខេត្តយ៉ាងណា លោកស្នងការនៅតែធ្វើការបញ្ជូនរថយន្តពន្លត់អគ្គីភ័យទៅកាន់ទីតាំងនោះហើយដើម្បីជួយធ្វើការពន្លត់។
បន្ថែមពីនេះ លោក ហាន សុខន នាយកដែនជំរកសត្វព្រៃភ្នំព្រេចបានប្រាប់ថា ភ្លើងពិតជាបានឆបឆេះនៅទីតាំងនោះពិតមែនហើយទំហំនៃការខូចខាត ក្រុមការងារលោកកំពុងចុះទៅកាន់ទីតាំងមួយនោះ ដើម្បីធ្វើការពិនិត្យនិងធ្វើការស្រាវជ្រាវរកមូលហេតុនៃការឆាបឆេះ។
ជាមួយគ្នានេះ លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងនៅព្រឹកនេះដែរថា ការកើតមានការឆាបឆេះភ្លើងឆេះព្រៃនេះ លោកបានធ្វើការសន្និដ្ឋានជំហានដំបូងអាចកើតឡើងដោយសារការធ្វេសប្រហែសរបស់បងប្រជាពលរដ្ឋដែលធ្វើការអាស្រ័យផល នៅក្នុងព្រៃដូចជា ដុតដើមឈើយកជ័រ មិនបានពន្លត់មុននិងចាកចេញឬបោះកន្ទុយបារីចោលដោយពាសវាលពាសកាលមិនបានប្រុងប្រយ័ត្ន។
ទោះបីយ៉ាងក៏ដោយ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើការអាស្រ័យផល ពីផលអនុផលព្រៃឈើដូចជាដុត រណ្តៅជ័រ យកជ័រ ពីដើមឈើមុនសូមធ្វើការពន្លត់មុននិងចាកចេញ សុំមេត្តាកុំបោះកន្ទុយបារីចោលក្នុងព្រៃដែលជាហេតុនាំឲ្យភ្លើងឆេះព្រៃ ឬគ្រាដែលបងប្អូនធ្វើការដាំបាយហូបកណ្តាលព្រៃសូមមេត្តាជួយពន្លត់ភ្លើងផ្សែងមុននិងចាកចេញ។
លោកអភិបាលបានបន្តទៀតថា សូមបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងរបស់មន្រ្តីជំនាញគ្រប់ប្រភេទដែលកំពុងបម្រើការងារនៅក្នុងព្រៃដូចជាមន្រ្តីឧទ្យានុរ័ក្សដែនជម្រកសត្វព្រៃ បរិស្ថាន សូមធ្វើការចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា ប្រយោជន៍ថែរក្សា ការពារ ធនធានធម្មជាតិកុំឲ្យកើតមានភ្លើងឆាបឆេះដូចពេលនេះទៀត៕