(កែប)៖ រយៈពេល២ថ្ងៃ នៃពិធីបុណ្យសមុទ្រ ដែលរៀបចំនៅក្នុងខេត្តកែប មានភ្ញៀវទេសចរមកកម្សាន្តសប្បាយជាង២០ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់គណៈកម្មការរៀបចំពិធិបុណ្យសមុទ្រ។
របាយការណ៍បានឲ្យដឹងថា ថ្ងៃទី២២ ខែធ្នូ ដែលជាថ្ងៃទី១ នៃបុណ្យសមុទ្រមានភ្ញៀវទេសចរចំនួន៨ម៉ឺននាក់ចូលរួមទស្សនា ខណៈថ្ងៃទី២៣ ខែធ្នូ ដែលជាថ្ងៃទី២ នៃបុណ្យសមុទ្រ មានភ្ញៀវទេសចរជាង១២ម៉ឺននាក់។
ជាមួយគ្នានេះ ចំពោះបញ្ហាសន្តិសុខវិញ គឺគ្រប់គោលដៅទាំងអស់ត្រូវបានសមត្ថកិច្ច ទទួលខុសត្រូវការពារ និងរៀបចំសណ្តាប់ធ្នាប់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។
បុណ្យសមុទ្រត្រូវបានរៀបចំឡើងនៅក្នុងខេត្តកែប រយៈពេល៣ថ្ងៃ គឺថ្ងៃទី២២-២៣-២៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង អនាគត គឺបច្ចុប្បន្ន»៕