Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងចុះពន្លត់អគ្គីភ័យឆេះតូបលក់ដូរនៅផ្សារថ្មីពោធិ៍សាត់ ឆេះបំផ្លាញអស់ ៣តូប

23-12-2017 18:23

(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នៅទៀបភ្លឺថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានដឹកនាំកម្លាំងអន្តរាគមន៍ ចុះជួយបាញ់ពន្លត់អគ្គិភ័យ ដែលបានឆាបឆេះតូបលក់ដូរប្រជាពលរដ្ឋ នៅក្នុងផ្សារពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលបច្ចុប្បន្ននេះបានរលត់ទៅវិញ នៅវេលាម៉ោង៤ជាង ឆេះអស់៣តូប។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា គ្រោះអគ្គិភ័យទាំងកណ្តាលអាធ្រាតនេះ បានបំផ្លាញតូបរបស់អាជីវករអស់ចំនួន៣តូប ហើយមូលហេតុដែលនាំឲ្យកើតមានអគ្គិភ័យនេះ គឺអាចដោយសារទុស្សេខ្សែភ្លើង។

លោក យឹម សាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងដែរថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ក្រោមការបញ្ជាផ្ទាល់ពី លោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្ត ហើយកម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿង។ លោកអធិការបានបន្តថា តូបលក់បាយព្រឹក តូបលក់ទឹកក្រឡុក និងតូបលក់ផ្លែ គឺនៅជាប់គ្នាៗ ត្រូវបានឆេះបំផ្លាញស្ទើរទាំងស្រុង ប៉ុន្តែទំហំនៃការបាត់បង់ទ្រព្យសម្បត្តិនោះ នៅមិនទាន់ដឹងនៅឡើយទេ ហើយមូលហេតុដែលនាំឲ្យកើតមានអគ្គិភ័យនេះ កម្លាំងជំនាញកំពុងចុះពិនិត្យនៅឡើយ៕