(កំពង់ស្ពឺ)៖ អគារបណ្ណាល័យដ៏ថ្មីសន្លាងមួយខ្នង ដែលផ្ដល់មូលនិធិដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សានិងអនុវិទ្យាល័យ ត្រពាំងឈូក ស្ថិតក្នុងភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីចូលរួមជំរុញទម្លាប់នៃការអានរបស់សិស្សានុសិស្សខ្មែរ និងលើកកម្ពស់ធនធានមនុស្ស។
ពិធីសម្ពោធអគារបណ្ណាល័យនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងដោយមានការចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំសាលាខេត្ត ស្រុក ក្រសួងអប់រំ និងមន្ទីរអប់រំខេត្ត សាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ស្ពឺ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាជនជាច្រើនរយនាក់នៅក្នុងសហគមន៍។
អគារបណ្ណាល័យនេះមានទំហំ៩ម៉ែត្រ x១២ម៉ែត្រ សង់ពីថ្ម មានដំបូលប្រក់ក្បឿង ចាប់ផ្ដើមសាងសង់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានបញ្ចប់កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ដោយប្រើប្រាស់ថវិកា ឧបត្ថម្ភទាំងស្រុងពីប្រាសាក់។ ប្រាសាក់មិនត្រឹមតែផ្ដល់តួអគារបណ្ណាល័យប៉ុណ្ណោះទេ គឺថែមទាំងឧបត្ថម្ភការបំពាក់ធនធានសម្ភារ ឯកសារ និងការបណ្ដុះបណ្ដាលបណ្ណារក្សថែមទៀតផង ដើម្បីឲ្យការដំណើរការបណ្ណាល័យនេះប្រព្រឹត្តទៅដោយរលូន ក្រោមកិច្ចសហការលើគម្រោងពីនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា។
លោក អ៊ុ សមអឿន អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានឲ្យដឹងថា បណ្ណាល័យនៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ ត្រពាំងឈូក នេះ ជាបណ្ណាល័យទី២១ហើយ ដែលបានដាក់សម្ពោធឲ្យដំណើរការជាផ្លូវការ ដើម្បីទុកជាចំណងដៃជូនសិស្សានុសិស្ស។ គិតត្រឹមឆ្នាំ២០១៧ ប្រាសាក់បានផ្តល់អគារបណ្ណាល័យសរុប រហូតដល់២៥ខ្នង ដែលបានចំណាយថវិកាច្រើនជាង៧៣៨ពាន់ដុល្លារ (សាងសង់និងបំពាក់សម្ភាររួចរាល់មាន២១ខ្នង និង៤ខ្នង កំពុងបំពាក់សម្ភារៈ)។ គម្រោងបណ្ណាល័យប្រាសាក់ គ្របដណ្ដប់ចំនួន២៨៩ភូមិ ដែលមានចំនួន ៥៨,៤០០គ្រួសារ និងប្រជាពលរដ្ឋ ២៦៩,៩០០ ជូនដល់សាលារៀននៅបណ្តាខេត្តចំនួន៨ រួមមាន៖ កំពង់ស្ពឺ កំពង់ចាម កណ្តាល ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះវិហារ និងខេត្តបាត់ដំបង ដោយមានអ្នកទទួលផលផ្ទាល់ សិស្សចំនួន១៤,១៣០នាក់ និងលោកគ្រូអ្នកគ្រូចំនួន៥៤០នាក់។
លោកបន្ដថា «គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំ ជំរុញការអភិវឌ្ឍធនធានមនុស្ស និងបណ្ដុះទម្លាប់អាន តាមរយៈគម្រោងបណ្ណាល័យនេះ។ សមិទ្ធផលនេះកើតឡើងពីក្ដីស្រលាញ់របស់យើងចំពោះសហគមន៍ដែលយើងបានធ្វើប្រតិបត្តិការ។ នេះគឺជាការតបស្នងរបស់យើងចំពោះសហគមន៍»។
នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានសម្ដែងនូវក្ដីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ ដែលបានផ្ដល់មូលនិធិកសាងបណ្ណាល័យនេះ ពិសេសទោះពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ជាស្ថាប័នឯកជន មិនមែនជារបស់រដ្ឋក៏ដោយ តែប្រាសាក់បានចូលរួមយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ឥណទាន ដល់ប្រជាជនកម្ពុជា និងបានរួមចំណែកក្នុងវិស័យអប់រំ តាមរយៈគម្រោងបណ្ណាល័យនេះ។ លោកសង្ឃឹមថា សិស្សានុសិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យត្រពាំងឈូក នឹងខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងចាប់យកទម្លាប់ នៃការអានសៀវភៅ តាមរយៈបណ្ណាល័យដ៏មានតម្លៃនេះ៕