(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា វិទ្យុបម្រើនយោបាយអាមេរិក កំពុងតែព្យាយាមផ្សព្វផ្សាយព័ត៌មានធ្វើឲ្យមហាជនបាត់ទំនុកចិត្ត និងអស់ជំនឿលើការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ដែលនឹងធ្វើឡើងនៅខែកក្កដា ឆ្នាំ២០១៨។ គ.ជ.ប បានរំលឹកដល់ម្ចាស់អត្ថបទនេះថា អ្នកសារព័ត៌មានអាជីពមិនត្រូវសរសេរព័ត៌មានគ្មានមូលដ្ឋាន ឬ គ្រាន់តែឮគេថា យកមកចុះផ្សាយនោះទេ។
ការទូន្មានរបស់ គ.ជ.ប លើវិទ្យុដែលបម្រើបន្ទាត់នយោបាយបរទេសប្រឆាំងប្រយោជន៍ជាតិកម្ពុជានៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានធ្វើឡើងបន្ទាប់ពីវិទ្យុដែលគ្មានការិយាល័យនៅកម្ពុជាមួយ បានផ្សព្វផ្សាយអត្ថបទដោយរំលេចថា មានសង្គមស៊ីវិលមួយចំនួនរកឃើញថា ប្រជាពលរដ្ឋខ្មែរបាក់ទឹកចិត្តលែងទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត និងផ្សាយថា ពលរដ្ឋខ្លះចាត់ទុក គ.ជ.ប ជាឧបករណ៍បក្សកាន់អំណាច។
ក្នុងអត្ថបទនេះរបស់ប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការការពារក្រុមអ្នកនយោបាយបំផ្លាញជាតិ និងបន្ទាត់នយោបាយអាមេរិកនេះ មិនបង្ហាញអត្តសញ្ញាណអង្គការសង្គមស៊ីវិល និងឈ្មោះប្រជាពលរដ្ឋដែលបានលើកឡើងលើបញ្ហានេះឡើយ។ គ.ជ.ប បានចោទម្ចាស់អត្ថបទ និងប្រព័ន្ធផ្សព្វផ្សាយនោះថា «តើសង្គមស៊ីវិលដែលតាំងខ្លួនដោយខ្លួនឯងថា ជាអ្នកឃ្លាំមើលការបោះឆ្នោត ជាសង្គមស៊ីវិលមួយណា ហើយពលរដ្ឋខ្លះនោះ ជាពលរដ្ឋណាដែរ?»។
គ.ជ.ប បានរំលឹកថា គ.ជ.ប មានក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដោយបានចែងយ៉ាងច្បាស់ថា «ការបញ្ចេញបញ្ចូលនូវទស្សនផ្ទាល់ខ្លួន ឬក៏ធ្វើបុរេវិនិច្ឆ័យនៅក្នុងហេតុការណ៍កំពុងកើតមាន ដែលខ្លួនធ្វើសេចក្តីរាយការណ៍» ត្រូវបានហាមឃាត់។
គ.ជ.ប បានគូសបញ្ជាក់ដែរថា តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំណាងរាស្ត្រជនដែលផ្សព្វផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតនេះ នឹងត្រូវផាកពិន័យប្រាក់ពី ៥លាន ទៅ២០លានរៀល ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀតនោះទេ។
នៅក្នុងប្រតិកម្មរបស់ គ.ជ.ប មិនបានបង្ហាញអត្តសញ្ញាណប្រព័ន្ធផ្សព្វផ្សាយដែលផ្សាយក្នុងចេតនាបំផ្លាញការបោះឆ្នោតនៅកម្ពុជានេះឡើយ។ តែជាការកត់សម្គាល់ប្រតិកម្មនេះ បានកើតមានឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២០ ខែធ្នូ កន្លងទៅនេះ បានរំលេចនៅក្នុងអត្ថបទរបស់ខ្លួនថា «សង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតរកឃើញថា មានពលរដ្ឋខ្លះបានបាក់ទឹកចិត្តលែងទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត ដោយសារតែស្ថានភាពនយោបាយបច្ចុប្បន្ន។ ចំណែកពលរដ្ឋខ្លះវិញយល់ឃើញថា ក្រោយ គ.ជ.ប បែងចែកអាសនៈបក្សប្រឆាំងរួចមក ស្ថាប័នជាតិមួយនេះ គ្រាន់តែជាឧបករណ៍សម្រាប់អនុវត្តតាមច្បាប់អធម្មនុញ្ញភាពរបស់បក្សកាន់អំណាចតែប៉ុណ្ណោះ»។
ទន្ទឹមនឹងការប្រតិកម្ម គ.ជ.ប ក៏បានបង្ហាញដែរថា ចំនួនអ្នកពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតបានចូលពិនិត្យឈ្មោះតាមគេហទំព័រ គ.ជ.ប www.voterlist.org.kh មានជាង ២៦.៥ម៉ឺននាក់ គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ដោយមិនទាន់រាប់បញ្ចូលប្រជាពលរដ្ឋដែលទៅពិនិត្យឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតដំបូង ដែលបានបិទផ្សាយនៅសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ទូទាំងប្រទេសនៅឡើយទេ។
គ.ជ.ប បានបញ្ជាក់ថា ខ្លួនសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនមានទំនុកចិត្តលើការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រដែលឈ្មោះរបស់ពួកគេត្រូវបានកត់ត្រា ផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ និងត្រឹមត្រូវតាមឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណដែលគាត់ប្រើសម្រាប់ការចុះឈ្មោះបោះឆ្នោត។
ទិន្នរបស់ គ.ជ.ប បានបង្ហាញថា បូកទាំងចំនួនអ្នកចុះឈ្មោះថ្មី ៥សែន ៣ម៉ឺននាក់ ធ្វើចំនួនប្រជាពលរដ្ឋត្រូវចូលរួមបោះឆ្នោតមានរហូតដល់ ៨,៣៨០,២១៩នាក់ ដែលជាចំនួនមួយដ៏ច្រើន ខណៈដែលប្រទេសសេរីធំៗដូចជាអាមេរិកជាដើមនោះ គឺអត្រាប្រជាពលរដ្ឋចូលរួមបោះឆ្នោតមិនខ្ពស់ដូចកម្ពុជាផងដែរ៕