(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តចំណារអនុញ្ញាតឲ្យបង្រ្កាបជាក់ស្តែងលេខ ១០៣អ.យ.ភ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ របស់សាលាដំបូងរាជធានីភ្នំពេញ ធ្វើការឆែកឆេរលំនៅដ្ឋានលេខ279B យីហោម៉ាស្សាពេញចិត្ត ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលរកស៊ីសេវាផ្លូវភេទ ដោយចាប់ខ្លួមថៅកែហាង និងមេកា ព្រមទាំងរំដោះបានជនរងគ្រោះ៥នាក់ផងដែរ។
មន្រ្តីនគរបាលជំនាញបានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៣ ខែធ្នូ នេះថា ជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ គឹម វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (ថៅកែហាង) ២.ឈ្មោះ ហុង ម៉េងហួរ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (មេកា) និងរំដោះជនរងគ្រោះចំនួន ០៥នាក់ (ស្រី ០២នាក់, ភេទទីបី ០៣នាក់ ប្រុស) មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និង ស្រាវជ្រាវតាមនីតិវិធី ។
បើតាមមន្រ្តីនគរបាល ក្រោយការបង្ក្រាបកម្លាំងបានដកហូត វត្ថុតាងដកហូតមាន ស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនួន, សៀវភៅកត់ត្រាភ្ញៀវចេញចូលចំនួន ០២ក្បាល៕