(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យសហរដ្ឋអាមេរិក (IMR) និងសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក របស់លោក ហ៊ុន ម៉ានី រួមគ្នាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រ៥ថ្ងៃជាប់គ្នានៅ ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ក្នុងគោលដៅដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋដែលរស់នៅតាម ទីជនបទ ឬដែលនៅឆ្ងាយពីសេវាសុខាភិបាល ឬដែលពិបាកក្នុងការទៅរកសេវាសុខាភិបាល ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រុមគ្រូពេទ្យជំនាញៗរបស់អង្គការ International Medical Relief នៃសហរដ្ឋអាមេរិក ឬដែលហៅកាត់ថា (IMR) បានសហការជាមួយសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជាបានចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្រីក្រចំនួន៥ថ្ងៃជាប់ៗគ្នាដោយ ក្នុងនោះរយ:ពេល២ថ្ងៃធ្វើការពិនិត្យ និងព្យាបាលនៅខេត្តកំពង់ស្ពឺ និង៣ថ្ងៃធ្វើការពិនិត្យ និងព្យាបាលនៅសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ ដែលកម្មវិធីនេះបាន បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមានការសម្របសម្រួលពីលោក នួន ផារ័ត្ន អភិបាលរង នៃគណ:អភិបាលរាជធានីភ្នំពេញ។

នៅថ្ងៃទី១ក្រុមគ្រូពេទ្យទាំងពីរក្រុមបាន ចុះទៅពិនិត្យនៅ ភូមិព្រះស្រែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយមានអ្នកជំងឺមកទទួលសេវាសរុប ចំនួន១៧០នាក់ ។ នៅថ្ងៃទី២ចុះទៅពិនិត្យ និងព្យាបាលនៅភូមិវត្តអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយមានអ្នកជំងឺមកទទួលសេវាសរុបចំនួន១៣០នាក់ និងដោយមានការអញ្ជើញ ចូលរួមសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋយើងផងដែរពីលោក ដាវ អានសាន តំណាងដ៏ ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ានី។

ថ្ងៃទី៣ សកម្មភាពពិនិត្យ និងព្យាបាលជំងឺស្ថិតនៅក្នុង សហគមន៍ក្រីក្រនៃភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ពិនិត្យ បានចំនួន២៣៣នាក់ និងនៅថ្ងៃទី៤ គឺការចុះពិនិត្យ និងព្យាបាលជំងឺពេលព្រឹកនៅភូមិដំណាក់ធំ៣ ដដែលដោយមានអ្នកមកទទួលសេវាចំនួន១០២នាក់ និងនៅពេលរសៀលធ្វើនៅសហគមន៍ក្រីក្រ នៃភូមិដំណាក់ធំ២ ដែលមានអ្នកជំងឺមកពិនិត្យ និងព្យាបាលចំនួន៩២នាក់ និងនៅថ្ងៃទី៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ដែលជាថ្ងៃចុងក្រោយ គឺការពិនិត្យ និងព្យាបាល បានប្រព្រឹត្តទៅ នៅសហគមន៍ក្រីក្រនៃភូមិស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយការពិនិត្យ និងព្យាបាលនៅពេលព្រឹកបានចំនួន១៦៥នាក់ និងនៅពេល រសៀលធ្វើនៅក្រោម ស្ពានអាកាសស្ទឹងមានជ័យដោយមានអ្នកមកទទួលសេវាចំនួន៤០នាក់។

ជាមួយគ្នានេះដែរ ការពិនិត្យ និងព្យាបាលក្នុងរយ:ពេល៣ថ្ងៃនៅរាជធានីភ្នំពេញនេះ ក៏ទទួលបានការចុះមកសួរ សុខទុក្ខ និងសម្របសម្រួលពីលោក នួន ផារ័ត្ន អភិបាលរងនៃគណ:អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញផងដែរ។

ជាលទ្ធផលក្នុងរយ:ពេល៥ថ្ងៃនេះ ក្រុមគ្រូពេទ្យទាំងពីរក្រុមបានធ្វើការពិនិត្យ និងព្យាបាលជំងឺជូន បងប្អូនប្រជាពលរដ្ឋក្រីក្ររបស់យើងសរុបចំនួន៩៣២នាក់។ ថ្លែងក្នុងឱកាសនោះលោកស្រី  Amy Jorheim ប្រធានក្រុមបេសកកម្ម របស់ក្រុមគ្រូពេទ្យសហរដ្ឋអាមេរិកបានថ្លែងអំណរគុណ និង កោតសរសើរដល់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបង្កើតឡើងក្រោមគំនិត ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងដែលមានលោកស្រី យឹម ឆៃលីន ជាប្រធានកិត្តិយស និងលោក ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួង ឧស្សាហកម្ម និងសិប្បកម្មជាប្រធាន ហើយបានចាត់តាំងក្រុមការងារដែលដឹកនាំដោយកញ្ញាវេជ្ជបណ្ឌិត ឱ ពៅរាត្រី បានចូលរួមសហការយ៉ាងល្អជាមួយក្រុមរបស់លោកស្រី ប្រកបដោយឆន្ទ:មនសិការ ទទួលខុសត្រូវខ្ពស់ជាមួយនិងចំណេះដឹង បទពិសោធន៍ការងារ និងក្រមសីលធម៌វិជ្ជាជីវ:យ៉ាងល្អ ប្រសើរមិនចាញ់ក្រុមគ្រូពេទ្យបរទេសឡើយ។

ជាមួយគ្នានេះដែរ លោកស្រីក៏សូមថ្លែងអំណរគុណ ដល់អាជ្ញាធរដែនដីទាំងនៅស្រុកឧដុង្គ និងរាជធានីភ្នំពេញ និងប្អូនៗស.ស.យ.ក ស្រុកឧដុង្គ ដែលបានសស្រាក់សស្រាំចូលរួមសហការជួយធ្វើឱ្យកម្មវិធីនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕