(កណ្តាល)៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកមុខកំពូល បានចុះពិនិត្យមើលស្ថានភាពបាក់ច្រាំងទន្លេ តាមដងទន្លេមេគង្គ ក្រោយឯកឧត្តមបានទទួលព័ត៌មានពីអាជ្ញាធរដែនដីនៅមូលដ្ឋានមកថា មានករណីបាក់ស្រុតច្រាំងទន្លេ នៅស្ថិតនៅក្នុងភូមិសាស្រ្តឃុំឬស្សីជ្រោយ នៃស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានកើតឡើងកាលពីព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ម្សិលម៉ិញនេះ។
ការបាក់ច្រាំងនេះ បានធ្វើឱ្យមានការបាក់ស្រុតច្រាំងចូលទៅក្នុងទន្លេប្រវែងជាង ៤០ ម៉ែត្រ ទទឹង ២០ ម៉ែត្រ ហើយបណ្តាលឱ្យខូចខាតដល់ផ្លូវចាក់កៅស៊ូអស់មួយកំណាត់ស្ទើរមួយចំហៀងផ្លូវ តែមិនបណ្តាលឱ្យមានខូចខាត និងប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងមនុស្សនោះទេ។
តាមការវាយតម្លៃជាបឋមចំពោះមូលហេតុនៃការបាក់ស្រុតច្រាំងនេះ គឺដោយសារចរន្តទឹកហូរបុកខ្លាំង ក្នុងពេលជំនន់ទឹកទន្លេមេគង្គនាពេលកន្លងមក ដែលធ្វើឱ្យគ្រឹះរបស់ច្រាំងលែងមានភាពរឹងមាំ គួបផ្សំនឹងការដុះកោះនៅត្រើយខាងកោះចូរាម ដែលធ្វើឱ្យមានការផ្លាស់ប្តូរចរន្តទឹក។
នៅចំពោះមុខនេះ លោក វង្សី វិស្សុត បានទទួលធ្វើការជួសជុលកំណាត់ផ្លូវកៅស៊ូដែលបានបាក់ស្រុតចូលទន្លេនេះ នៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ដោយរួមទាំងការត្រួសត្រាយផ្លូវវាងផងដែរ ដើម្បីសម្រួលដល់ការធ្វើចរាចរឡើងវិញ។
នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានផ្តល់ការណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីបន្តចុះធ្វើការសិក្សានិងវាយតម្លៃបញ្ចប់ឱ្យកាន់តែឆាប់ ដើម្បីធ្វើយ៉ាងណាពង្រឹងច្រាំងឱ្យមានលក្ខណៈរឹងមាំ។