(ភ្នំពេញ)៖ ស្ថានទូតកម្ពុជា នាថ្មីៗនេះ បានអន្តរាគមន៍ជួយធ្វើមាតុភូមិនិវត្តន៍ដល់ ស្ត្រីខ្មែរ៣នាក់នៅប្រទេសចិន និងពលករខ្មែរ២៧នាក់ នៅប្រទេសម៉ាឡេស៊ី។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។
ក្រសួងការបរទេសបានបញ្ជាក់ថា៖
ករណីទី១៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការ ជាមួយអាជ្ញាធរ មានសមត្ថកិច្ច របស់ម៉ាឡេស៊ី ដោះស្រាយបញ្ហានិងរៀបចំមាតុភូមិនិវត្តន៍ របស់ពលករ-ពលការិនី ខ្មែរចំនួន២៧នាក់ ដែលមកដល់កម្ពុជា ក្នុងចន្លោះ ថ្ងៃទី០៨ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។
ករណី២៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំ ទីក្រុង សៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចិន ជួយសង្គ្រោះស្រ្តីខ្មែរ៣នាក់ ដែលចាញ់បោក មេខ្យល់ នាំទៅរៀបការជាមួយបុរសជនជាតិចិន ហើយបានរៀបចំមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ នៅថ្ងៃទី ០៨ និងទី១៤ ខែធ្នូ ឆ្នាំ២០១៧ ៕