(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្គាប់ឱ្យក្រុមការងារ ចាប់ផ្តើមពន្លឿនការងារបង្កើតធនាគារ ដើម្បីគាំទ្រដល់សហគ្រាស ធុនតូច និងមធ្យម។
តាមលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃនេះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពីក្រុមការងារ ដើម្បីរៀបចំបង្កើតធនាគារមួយ នៅពេលឆាប់ៗខាងមុខនេះ ដើម្បីគាំទ្រដល់សហគ្រាស ធុនតូច និងមធ្យម ដើម្បីរួមចំណែកក្នុងការ អនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ឱ្យកាន់តែមានប្រសិទ្ធភាព។
ធនាគារមួយនេះ នឹងត្រូវប្រើប្រាស់ដើមទុនប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីផ្តល់ឥណទាន ក្នុងបង្កើនការផលិត និងបង្កើតការងារ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យបានកាន់តែច្រើន ស្របពេលដែលមានការគំរាមកំហែងពីក្រៅប្រទេស។ នេះបើតាមប្រសាសន៍ សម្តេចតេជោ ក្នុងពិធីសំណេះសំណាល ជាមួយតំណាងកម្មករជាង១ម៉ឺននាក់ មកពីរោងចក្រចំនួន១៤ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចាត់ទុកថា ការបង្កើតនៅធនាគារសម្រាប់សហគ្រាសធុនតូច និងមធ្យមនេះ បង្ហាញពីការជំរុញរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឹងប្រែងបង្កើតឲ្យមានមុខរបរ និងបង្កើនឲ្យមានការងារធ្វើកាន់តែច្រើនថែមទៀត សម្រាប់ប្រជាជនកម្ពុជា ហើយជាពិសេស គឺជាការជំរុញឲ្យមានការផលិត ផលិតផលក្នុងស្រុក ឲ្យកាន់តែច្រើន ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ប្រជាជន និងជំរុញការនាំចេញផងដែរ៕