(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា នៅពាក់កណ្តាលឆ្នាំ២០១៨ខាងមុខនេះ កម្ពុជា នឹងរៀបចំធ្វើជំរឿនប្រជាជនចិន ដែលមករស់នៅ និងប្រកបរបរនៅកម្ពុជា ខណៈនាពេលបច្ចុប្បន្ននេះ ត្រូវបានគេសង្កេតឃើញជនជាតិចិន រស់នៅលើទឹកដីកម្ពុជាកាន់តែច្រើនឡើងៗ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងបែបនេះ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសដែល លោកអញ្ជើញជាអធិបតីភាពក្នុងវេទិកាវិទ្យាសាស្រ្ត ទំនាក់ទំនងកម្ពុជា-ចិន ឆ្នាំ២០១៧ លើកទី៧ នៅរាជបណ្ឌិតសភាកម្ពុជា ដោយមានការចូលរួមពីសំណាក់ លោក ជា លី តំណាងស្ថានទូតចិន ប្រចាំកម្ពុជា លោក Wang Xian Miao សកលវិទ្យាល័យជីវជាំង កញ្ញា វុធ សុភ័ក្រណា នាយកវិទ្យាស្ថានខុងជឺ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបកប្រែភាសាខ្មែរ ជាភាសាចិនសម្រាប់ឲ្យប្រជាជនចិន បានសិក្សាស្វែងរកយល់ពីទំនៀមទម្លាប់របស់ខ្មែរ ដើម្បីផ្តល់ភាពងាយស្រួលទំនាក់ទំនងគ្នា។ ទាំងនេះជាឱកាសផ្តល់សិទ្ធិគ្នាស្មើរមុខស្មើរមាត់នៅលើឆាកអន្តរជាតិផងដែរ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំជំរុញការវិនិយោគជាមួយប្រទេសចិន ដើម្បីទាក់ទាញវិនិយោគិនចិន ដែលមានប្រាក់មករកស៊ីនៅកម្ពុជា ដើម្បីផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជារបស់យើងផងដែរ។ ដូច្នេះមិនមែនកម្ពុជាស្រូបយកកម្មករចិន មកធ្វើការនៅកម្ពុជានោះទេ គឺគោលបំណងស្រូបយកក្រុមអ្នកវិនិយោទុនរបស់ចិនតែប៉ុណ្ណោះ៕