(ភ្នំពេញ)៖ លោក ខៀវ បញ្ញាវឌ្ឍន៍ គ្រូបង្គោលសុវត្ថិភាពម្ហូបអាហារមកពី សាខាកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដែលដឹកនាំកម្មវិធីអប់រំផ្សព្វផ្សាយ «សុវត្ថិ ភាពម្ហូបអាហារ » ដល់ប្អូនៗកុមារ ៦១០មនាក់ នៅសាលាបឋមសិក្សាព្រៃស្ពឺ ដែលមាន ទីតាំងស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នេះ បានអោយដឹងថា វាជាការចាំបាច់ណាស់ដែលប្អូនៗកុមារ ត្រូវតែមានចំណេះដឹងទូទៅអំពី «សុវត្ថិភាពម្ហូបអាហារ » ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះថា ធនធានមនុស្ស មិនសំដៅតែ ចំណេះដឹងមួយមុខនោះទេ គឺមានកត្តាច្រើនទៀតដែលគួបផ្សំគ្នា ក្នុងនោះកត្តាសុខភាព (សុវត្ថិភាពម្ហូបអាហារ) ដែលជាអទិភាពទី១ នៃអទិភាពទាំង១២ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រទេសជាតិ របស់រាជរដ្ឋាភិបាល។
ជាមួយនឹងពាក្យស្លោក «រៀនឆ្លាត ហូបចុកមានសុវត្ថិភាព និង រស់នៅល្អ » ក្រុមមន្ត្រីជំនាញ បានណែនាំប្អូនៗកុមារ អោយមានចំណេះដឹងក្នុងការជ្រើសរើសម្ហូបអាហារ ដែលមាន សុវត្ថិភាព ដោយផ្តោតលើ មូលដ្ឋាន ៤ សំខាន់ៗ គឺ៖
១. ការពិនិត្យទីតាំង មុននឹងឈានជើងចូលទៅទិញៈ គឺប្អូនៗ ត្រូវតែសង្កេតជាមុនសិនថា តើទីតាំងនិងស្ថានភាពដាក់ម្ហូបអាហារលក់នោះ ស្ថិតនៅទីតាំងមានអនាម័យ និងរបៀបរបប គួរនឹងចូលទិញអត់។
២. ការពិនិត្យអនាម័យ នៅក្នុងកន្លែងលក់ដូរៈ ជាប្រការចាំបាច់មួយ ដែលប្អូនៗ ត្រូវតែចេះពិនិត្យ មើលអនាម័យរបស់អ្នកលក់ របស់សម្ភារៈ ខាងក្នុងទីតាំងលក់នោះតែម្ដង។
៣. ការពិនិត្យមើលសំបកវេចខ្ចប់ៈ បន្ទាប់ពីសង្កេតឃើញថា ទីតាំង និងក្នុងកន្លែងតាំងលក់ មានលក្ខណៈសមស្របហើយ ទើបប្អូនៗត្រូវពិនិត្យមើលលើសំបកវេចខ្ចប់ ថាតើវាមានរក្សាទ្រង់ទ្រាយល្អ មិនកំពិត មិនប៉ោង មិនច្រែះ មិនធ្លាយ មិនមានស្នឹម មិនរហែក ។ល។
៤. ការពិនិត្យមើលកាលបរិច្ឆេទៈ នេះជាចំណុចចុងក្រោយ ដែលប្អូៗត្រូវតែចេះពិនិត្យមើល ថ្ងៃខែផុតកំណត់ មុននឹងសំរេចចិត្តទិញម្ហូបអាហារនោះ យកមកបរិភោគ។
នៅមានចំណេះដឹងជាមូលដ្ឋានជាច្រើនទៀត ដែលប្អូនៗបានទទួលពីក្រុមមន្រ្តីជំនាញ ដូចជា គឺការក្សាម្ហូបអាហារអោយបានយូរ និងចៀសវាងការឆ្លងរាលដាលនៃបាក់តេរី ដោយវាទៅក្លាសេ (បញ្ចុះសីតុណ្ហភាព) ឬយកវាទៅកំដៅ (ចំអិន) រួមទាំងការលាងសំអាតដៃជើង មុននិងក្រោយ ពេលបរិភោគ និងពេលចេញពីបន្ទប់ទឹកផងដែរ។
មន្ត្រីជំនាញ ក៏បានចុះទៅអង្កេត និងណែនាំផងដែរដល់អាជីវករលក់ដូរក្នុងបរិវេណសាលាទាំងអស់ នូវចំណុចសំខាន់ៗខាងលើ និងលើកទឹកចិត្តដល់ពួកគាត់ អោយមានការទទួលខុសត្រូវខ្ពស់ចំពោះសុខភាពសាធារណៈ និងចំពោះមុខច្បាប់ ទាំងផ្នែកព្រហ្មទណ្ឌ និងផ្នែករដ្ឋប្បវេណី។
លោកស្រី ជួនសុគន្ធា អនុប្រធានការិយាល័យ ខណ្ឌពោធិសែនជ័យ ស្វាគមន៍យ៉ាងខ្លាំងចំពោះ កម្មវិធីផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហាររបស់មន្ត្រីជំនាញកាំកុងត្រូលបែបនេះ ដោយមានប្រសាសន៍ថា ការដែលមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកាំកុងត្រូលបានចុះមកបង្រៀនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាព្រៃស្ពឺនេះ កាន់តែធ្វើអោយពូកគាត់យល់ច្បាស់បន្ថែមលើកម្មវិធីសិក្សាដែលពាក់ព័ន្ធទៅនឹងសុវត្តិភាពម្ហូបអាហារឲ្យកាន់តែស៊ីជម្រៅថែមទៀត។ អ្នកស្រីក៏បានបន្តទៀតថា នៅពេលដែលប្អូនៗមានការយល់ដឹងអំពីបញ្ហាសុវត្តិភាពម្ហូបអាហារ ពួកគាត់នឹងអាចបន្តផ្សព្វផ្សាយទៅកាន់ ឪពុកម្តាយ ក្រុមគ្រួសារ ព្រមទាំងសហគមន៍ទាំងមូលផងដែរ ៕