Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការកោះអញ្ជើញមេធាវី ក្រុមសហជីពធំៗ ចូលបំភ្លឺនៅថ្ងៃ៩ មករា ចំពោះការប្តឹង លោក ជា មុនី ពីបទញុះញង់

22-12-2017 11:06

(ភ្នំពេញ)៖ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញលិខិតកោះអញ្ជើញ លោក កេតុ សុវណ្ណឌី និង លោក ដារ៉ា សុបញ្ញា មេធាវីរបស់ក្រុមសហជីពធំៗ ឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ដើម្បីសាកសួរអំពីដំណើររឿងប្តឹង លោក ជា មុនី អតីតប្រធានសហជីពសេរីកម្មករពីបទញុះញង់។

មេធាវីរបស់ក្រុមសហជីពធំៗ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំណត់ឱ្យចូលបំភ្លឺ នៅម៉ោង៩៖០០នាទីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅបន្ទប់ «ឋ» ជាន់ទី២ នៃសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នាថ្មីៗនេះ សហជីពធំៗចំនួន១២០​ បានដាក់ពាក្យប្តឹងលោក​ ជា​ មុនី​ អតីតប្រធានសហភាពសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា​ និង​ បច្ចុប្បន្ន​ជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា​ ដែលបានញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។

ការដាក់ពាក្យបណ្តឹងនេះ បានធ្វើឡើងបន្ទាប់ពីលោក ជា មុនី លើកឡើងដោយស្នើ ទៅសហភាពអឺរ៉ុប ឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ លោក ជា មុនី បានបង្ហាញការរំពឹងតាមរយៈវិទ្យុបរទេសមួយថា បើសហភាពអឺរ៉ុបដាក់ ទណ្ឌកម្មនេះកាន់តែលឿន រាជរដ្ឋាភិបាលកម្ពុជានឹងរងគ្រោះ ហើយងាកមករកផ្លូវចរចា បញ្ចប់វិបត្តិនយោបាយជាមួយ គណបក្សប្រឆាំង។

ក្រុមសហជីពធំៗ តំណាងឱ្យកម្មកររាប់សែននាក់ នៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថា ក្នុងករណីដែលសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច មែននោះ ផលវិបាកធ្ងន់ធ្ងរ នឹងធ្លាក់ទៅលើកម្មកររាប់លាននាក់ និងបាត់បង់ការងារធ្វើ​ ក្នុងនោះផលប៉ះពាល់ ដោយផ្ទាល់ដល់កម្មករ១,២លាននាក់ និងផលប៉ះពាល់ ដោយប្រយោលចំពោះកម្មករ ៣លាននាក់ផងដែរ៕