(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានប្រាប់ និងជម្រុញឲ្យម្ចាស់ផ្ទះ ដែលមានបន្ទប់ជួល សូមឲ្យមានការយោគយល់ ហើយកុំដំឡើងថ្លៃផ្ទះ ទឹក ភ្លើង ពិសេសចំពោះកម្មករ កម្មការិនី ពីព្រោះសម្ដេតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូនជាអត្ថប្រយោជន៍យ៉ាងច្រើន ជូនកម្មករ កម្មការិនី។
ការជម្រុញបែបនេះ ត្រូវបានលោក ប្រាជ្ញ សីហា លើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយ រវាងម្ចាស់ផ្ទះ ដែលមានបន្ទប់ជួលជាង៦០នាក់ ដែលមកពីតាមបណ្ដាភូមិ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីលោក លី ចាន់សុភក្ដី ទីប្រឹក្សាក្រសួងការងារ អធិការរងនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ រួមនិងប្រធាន អនុប្រធានការិយាល័យជុំនាញពាក់ព័ន្ធមួយចំនួនផងដែរ។
លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងលោក លី ចាន់សុភក្ដី ទីប្រឹក្សាក្រសួងការងារ បានថ្លែងស្រដៀងៗគ្នាថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អត្ថប្រយោជន៍ជូនកម្មករ កម្មការិនី និយោជិតយ៉ាងច្រើន រួមមាន៖
* អនុញ្ញាតឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩។
* ចាប់ពីខែមករា ឆ្នាំ២០១៨ ថៅកែរោងចក្រ សហគ្រាស ដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយខែ។
* ចាប់ពីឆ្នាំ២០១៩ កម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្ត្រីរាជការ។ ប្រាក់នេះសម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត។
* កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។
* ចាប់ពីឆ្នាំ២០១៨តទៅ រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូនផងដែរ។ ក្នុងនោះអ្នកសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាលកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល។
* កម្មការិនីមានផ្ទៃពោះ ត្រូវបានសម្រេចឲ្យចេញមុនម៉ោងធ្វើការយ៉ាងតិច ១៥នាទី ហើយនៅពេលសម្រាលត្រូវបាន អនុញ្ញាតឲ្យឈប់សម្រាករយៈពេល៣ខែ ជាមួយអត្រាប្រាក់ខែ ១២០ភាគរយ៕