(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចចង់ប្រើឱ្យអស់សក្ដានុពលភាព ខួរក្បាលរបស់កូនខ្មែរ ក្នុងការរៀបចំគោលនយោបាយ ឬកម្មវិធីជាតិនានា។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំនេះថា «សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី “ខ្ញុំចង់ប្រើឱ្យអស់សក្ដានុពលភាព ខួរក្បាលរបស់កូនខ្មែរ ក្នុងការរៀបចំគោលនយោបាយ ឬកម្មវិធីជាតិនានា”។ នេះជាពាក្យមាសប្រកបដោយទស្សនវិស័យ ឯករាជ្យ អធិបតេយ្យភាព មោទនភាពជាតិខ្មែរ»។

សូមបញ្ជាក់ថា​ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកនេះ មានរបៀបវារៈ៣រួមមាន៖

១៖ សេចក្តីព្រៀងកម្មវិធីសកម្មភាពជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឱនភាពដី ឆ្នាំ២០១៧-២០២៦។

២៖ សេចក្តីព្រៀងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០១៥។

៣៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញតិ្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច ទូលំទូលាយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌាផងដែរ៕